Archive for ខែ​ឧសភា, 2012

ពិតជាការវិភាគសេដ្ឌកិច្ចដ៏គ្រប់ជ្រុងជ្រោយមែន ពាក់ពន្ធ័នឹងប្រទេសក្រិក

ដកស្រង់ចេញពីគេហទំព័រ វិទ្យុRFI

តើនឹងមានអ្វីកើតឡើងបើសិនជាក្រិកចេញពីតំបន់អឺរ៉ូ?

ក្រោយពីក្រិកធ្លាក់ចូលក្នុងវិបត្តិនយោបាយ បង្កើតរដ្ឋាភិបាលថ្មីមិនបាន នៅពេលនេះ សេណារីយ៉ូដែលក្រិកត្រូវចេញពីតំបន់អឺរ៉ូត្រូវបានគេលើកយកមកជជែកគ្នាកាន់តែច្រើនឡើងៗ។ ទាំងប្រធានគណៈកម្មការអឺរ៉ុប ទាំងមន្រ្តីរដ្ឋាភិបាលអាល្លឺម៉ង់ សុទ្ធតែបានព្រមានថា បើក្រិកមិនកាត់បន្ថយការចំណាយសាធារណៈតាមការព្រមព្រៀងជាមួយអឺរ៉ុបទេ ក្រិកគួរតែចាកចេញពីតំបន់អឺរ៉ូ។ តើក្រិកអាចចេញពីតំបន់អឺរ៉ូបានដោយរបៀបណា?

ដើរចេញខ្លួនឯង ឬត្រូវគេបណ្តេញចេញ?

តំបន់អឺរ៉ូ (Eurozone) ពោលគឺ ប្រទេស ១៧ ដែលចាយលុយអឺរ៉ូ ត្រូវបានបង្កើតឡើងដោយសន្ធិសញ្ញា Maastricht ឆ្នាំ១៩៩២។ នៅក្នុងសន្ធិសញ្ញានេះ មិនមានកន្លែងណាមួយ ដែលចែងអំពីការបណ្តេញប្រទេសជាសមាជិកចេញទេ។ ដូច្នេះ តំបន់អឺរ៉ូមិនមានយន្តការផ្លូវច្បាប់ណាមួយ យកមកធ្វើជាមូលដ្ឋាន ដើម្បីបណ្តេញប្រទេសជាសមាជិកចេញបានទេ។
 បើសិនជាក្រិកត្រូវចេញពីតំបន់អឺរ៉ូមែន ករណីដែលមើលទៅទំនងជាអាចកើតឡើងជាងគេ គឺក្រិកស្ម័គ្រចិត្តដើរចេញដោយខ្លួនឯង។ ក៏ប៉ុន្តែ គេត្រូវធ្វើការបែងចែកករណីពីឲ្យដាច់ពីគ្នា រវាងសហភាពអឺរ៉ុប ដែលមានសមាជិក ២៧ប្រទេស និងតំបន់ចាយលុយអឺរ៉ូ ដែលមានតែ ១៧ប្រទេស។ យើងដឹងស្រាប់ហើយថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់មិនមែនសុទ្ធតែស្ថិតក្នុងតំបន់ចាយលុយអឺរ៉ូទេ។ អង់គ្លេស ដាណឺម៉ាក និងស៊ុយអែដ ជាដើម ជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែ មិនស្ថិតក្នុងតំបន់អឺរ៉ូ។
 
ឈប់ចាយលុយអឺរ៉ូ តែបន្តនៅជាសមាជិកសហភាពអឺរ៉ុប?
 
បើពិនិត្យមើលទៅលើសន្ធិសញ្ញាទាំងអស់របស់អឺរ៉ុប យើងឃើញមានចែងតែករណី ដើរចេញពីសហភាពអឺរ៉ុបតែប៉ុណ្ណោះ គឺនៅត្រង់មាត្រា ៥០ នៃសន្ធិសញ្ញាក្រុង Lisbonne ឆ្នាំ២០០៧។ ចំពោះការដើរចេញពីតំបន់អឺរ៉ូ គឺមិនឃើញមានមាត្រាណាមួយចែងទេ។ ដូច្នេះ ដើម្បីអាចចេញពីតំបន់អឺរ៉ូបាន ក្រិកមានតែត្រូវដើរចេញពីសហភាពអឺរ៉ុបតែម្តង។
 ក៏ប៉ុន្តែ នេះនិយាយតាមផ្លូវច្បាប់សុទ្ធសាធ។ តាមផ្លូវនយោបាយ ក្រិកនៅតែអាចចរចាជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីរកវិធីចេញពីតំបន់អឺរ៉ូ ដោយបន្តស្ថិតនៅក្នុងសហភាពអឺរ៉ុបដដែល។ ករណីនេះមិនមែនថាទៅមិនរួចនោះទេ ព្រោះសព្វថ្ងៃនេះក៏មានប្រទេសជាច្រើនដែរ ដែលជាសមាជិកសហភាពអឺរ៉ុប ហើយមិនចាយលុយអឺរ៉ូ។
 
តើនឹងមានអ្វីកើតឡើងចំពោះប្រទេសក្រិក បើសិនជាក្រិកចេញពីតំបន់អឺរ៉ូ?
 
ក្រិកចេញពីតំបន់អឺរ៉ូ និងក្រិកប្រកាសក្ស័យធន គឺជារឿងពីរ ដែលមើលទៅពិបាកនឹងចែកឲ្យដាច់ពីគ្នា។ តាមពិតបើយើងមើលទៅ នៅក្រិកបច្ចុប្បន្ននេះ មានប្រជាជនភាគតិចណាស់ ដែលចង់ចេញពីតំបន់អឺរ៉ូ ប៉ុន្តែ ភាគច្រើនលើសលុបមិនចង់អនុវត្តនយោបាយរបស់អឺរ៉ុប ដែលទាមទារឲ្យក្រិកកាត់បន្ថយការចំណាយសាធារណៈ។
 ដូច្នេះ បើសិនជាក្រិកត្រូវចេញពីតំបន់អឺរ៉ូមែន សេណារីយ៉ូដែលទំនងជាអាចកើតឡើងជាងគេ គឺចាប់ផ្តើមដោយការបដិសេធឈប់អនុវត្តនយោបាយកាត់បន្ថយការចំណាយសាធារណៈ។ អឺរ៉ុបយល់ថា ក្រិករំលោភលើការព្រមព្រៀងកន្លងមក ក៏ឈប់ផ្តល់លុយឲ្យក្រិកខ្ចី។ ក្រិកអត់លុយសងបំណុល ក៏ប្រកាសក្ស័យធន ដើម្បីជម្រះបំណុលចាស់ ហើយចាប់ផ្តើមកសាងសេដ្ឋកិច្ចពីសូន្យមកវិញ។ ក្រិកក៏ដើរចេញពីតំបន់អឺរ៉ូ ហើយបង្កើតរូបិយប័ណ្ណជាតិផ្ទាល់ខ្លួនឯងវិញ ដើម្បីអាចបញ្ចុះថ្លៃរូបិយប័ណ្ណនេះទៅតាមតម្រូវការសេដ្ឋកិច្ចរបស់ខ្លួន។
 
រៀបចំចរាចរណ៍រូបិយប័ណ្ណថ្មី
 
ដូច្នេះ ចេញពីតំបន់អឺរ៉ូភ្លាម ក្រិកត្រូវចាប់ផ្តើមគិតគូរបង្កើតរូបិយប័ណ្ណជាតិថ្មី ដើម្បីមកជំនួសលុយអឺរ៉ូ។ បើតាមអ្នកជំនាញខាងរូបិយប័ណ្ណ ក្រិកត្រូវការពេលវេលាយ៉ាងតិច ពី ៤ ទៅ ៦ខែ ដើម្បីអាចបង្កើតរូបិយប័ណ្ណថ្មី មកដាក់ឲ្យធ្វើចរាចរណ៍លើទីផ្សារបាន ហើយរូបិយប័ណ្ណថ្មីនេះអាចមានតម្លៃទាបជាងលុយអឺរ៉ូ យ៉ាងតិច ៥០%។

ទប់ស្កាត់កុំឲ្យធនាគារឯកជនរលំដោយសារប្រជាជននាំគ្នាដកលុយ
 
ក្នុងអំឡុងពេលនេះ ប្រជាជនក្រិកដែលមានលុយអឺរ៉ូទុកក្នុងធនាគារ ក៏ចាប់ផ្តើមនាំគ្នាបារម្ភថា បន្តិចទៀតលុយអឺរ៉ូនេះនឹងត្រូវប្តូរទៅគិតជារូបិយប័ណ្ណថ្មី ដែលមានតម្លៃថោកជាងលុយអឺរ៉ូឆ្ងាយ។ ដូច្នេះ ដើម្បីកុំឲ្យខាតទាន់ គឺមានតែនាំគ្នាទៅដកលុយអឺរ៉ូចេញពីធនាគារឲ្យហើយ។ នៅពេលដែលគ្រប់គ្នាពពាក់ពពូនទៅដកលុយពីធនាគារ លទ្ធផល គឺធនាគារនឹងត្រូវរលំ។ ដើម្បីចៀសវាងបញ្ហានេះ ទាល់តែរដ្ឋាភិបាលក្រិកចេញបញ្ជាហាមមិនឲ្យដកលុយ ហើយមិនឲ្យមានការផ្ទេរលុយអឺរ៉ូចេញពីប្រទេស។ និយាយជារួម គឺរដ្ឋាភិបាលត្រូវចេញបញ្ជាឲ្យបិទទ្វារធនាគារទាំងអស់ ទម្រាំដល់ពេលរូបិយប័ណ្ណថ្មីអាចដាក់ឲ្យធ្វើចរាចរណ៍លើទីផ្សារបាន។

អតិផរណាកើនឡើងកប់ពពក
 
ពេលរៀបចំរូបិយប័ណ្ណថ្មីរួច ប្រាក់ខែ និងប្រាក់ចំណូលផ្សេងៗ ដែលពីមុនគិតជាអឺរ៉ូ ក៏ត្រូវប្តូរមកគិតជាលុយថ្មីវិញ។ ក៏ប៉ុន្តែ ដោយសារតែលុយថ្មីនេះធ្លាក់ថ្លៃខ្លាំងធៀបនឹងលុយអឺរ៉ូ ដូច្នេះ ក្រិកនឹងត្រូវប្រឈមមុខនឹងវិបត្តិអតិផរណា (Hyperinflation)។ ទំនិញសព្វមុខ ជាពិសេស ទំនិញនាំចូលពីបរទេសត្រូវឡើងថ្លៃកប់ពពក។ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនត្រូវជួបនឹងបញ្ហាលំបាក។
 
ក្រុមហ៊ុនឯកជនត្រូវក្ស័យធនដោយសារបំណុលកើនឡើង
 
ទោះបីជារូបិយប័ណ្ណថ្មីត្រូវដាក់ឲ្យធ្វើចរាចរណ៍នៅលើទីផ្សារហើយក៏ដោយ ក៏នៅតែមានក្រុមហ៊ុនឯកជនក្រិកច្រើន នៅបន្តជំពាក់បំណុលជាលុយអឺរ៉ូ។ ឧទាហរណ៍ ករណីជំពាក់លុយថ្លៃទិញវត្ថុធាតុដើមពីបរទេស ដែលកិច្ចសន្យាគិតជាលុយអឺរ៉ូ។ បំណុលជាអឺរ៉ូនឹងត្រូវក្លាយជាបន្ទុកកាន់តែធ្ងន់ បើធៀបនឹងលុយក្រិកថ្មី ដែលមានតម្លៃថោក។ ដូច្នេះ វាអាចធ្វើឲ្យក្រុមហ៊ុនអស់ទាំងនេះត្រូវក្ស័យធន បិទទ្វារឈប់រកស៊ី ហើយបុគ្គលិកត្រូវអស់ការងារធ្វើ។
 ទាំងនេះគឺជាផលវិបាកអវិជ្ជមានក្នុងរយៈពេលខ្លី។ សម្រាប់រយៈពេលវែង ការចេញពីតំបន់អឺរ៉ូក៏អាចផ្តល់ផលវិជ្ជមានខ្លះដែរដល់ក្រិក។
 
ផលវិជ្ជមានសម្រាប់រយៈពេលវែង
 
កាលណាក្រិកចាយលុយថ្មី ដែលមានតម្លៃថោកជាងលុយអឺរ៉ូបច្ចុប្បន្ន វាអាចជួយឲ្យក្រិកអាចបង្កើនការនាំចេញ ព្រោះទំនិញផលិតនៅក្រិកត្រូវមានតម្លៃថោកជាងពេលចាយលុយអឺរ៉ូ ដែលផ្តល់ភាពងាយស្រួលក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារអឺរ៉ុប។ កាលណាការនាំចេញកើនឡើង វាអាចជាកម្លាំងចលករមួយ ជំរុញកំណើនសេដ្ឋកិច្ច។
 នៅពេលមើលឃើញតម្លៃអចលនទ្រព្យ និងតម្លៃពលកម្មនៅក្រិកថោកជាងមុន (ព្រោះប្រាក់ខែ និងតម្លៃអចលនវត្ថុត្រូវគិតជារូបិយប័ណ្ណថ្មី ដែលថោកជាងលុយអឺរ៉ូបច្ចុប្បន្ន) ក្រុមហ៊ុនបរទេសអាចចាប់ផ្តើមចាប់អារម្មណ៍ក្នុងការចូលមកបោះទុនរកស៊ី បង្កើតរោងចក្រនៅក្នុងប្រទេសក្រិក ហើយបង្កើតការងារដល់ប្រជាជនក្រិក។
 រូបិយប័ណ្ណថ្មីថោកជាងអឺរ៉ូបច្ចុប្បន្ន ថ្លៃទំនិញ ថ្លៃបន្ទប់សណ្ឋាគារនៅក្រិក ក៏អាចមានតម្លៃថោកជាងពេលចាយលុយអឺរ៉ូ ដូច្នេះ ក្រិកអាចទាក់ទាញអ្នកទេសចរបរទេសបានច្រើនជាងមុន ហើយអាចបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាជនក្រិកបានច្រើនជាងមុន។
 ក៏ប៉ុន្តែ បើទោះជាក្រិកអាចស្តារសេដ្ឋកិច្ចមកវិញបានមែន ក៏ត្រូវការចំណាយពេលយូរដែរ។ ទម្រាំដល់ពេលនោះ ប្រជាជនក្រិកប្រាកដជាត្រូវស៊ូទ្រាំពិបាកវេទនាមួយរយៈ៕