Archive for 1 ខែ​មីនា 2012

រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ លក់ភាគហ៊ុន ចំនួនជាង ១៣លានដុល្លារ

Image

-ការជួញដូរមូលបត្រ លើកដំបូង របស់កម្ពុជា ចាប់ផ្តើមក្រោយចូលឆ្នាំខ្មែរ

 

ភ្នំពេញ៖ រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ជាតួអង្គឯក ដែលចាប់ផ្តើមដំណើរការ លក់ភាគហ៊ុនមុនគេ គឺមុនក្រុមរដ្ឋពីរផ្សេង ទៀត ដែលរដ្ឋាភិបាលកំណត់ ឲ្យបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងលក់ភាគហ៊ុនរបស់ខ្លួន ចំនួនជាង ១៣លានដុល្លារ ដែលស្មើនឹង១៥ភាគរយ នៃមូលធនភាគ ហ៊ុនទាំងអស់ ពោលគឺ ១៥ភាគរយ សម្រាប់បោះលក់មូលបត្រ ជូនវិនិយោគិន និង ៨៥ភាគរយទៀត នៅកាន់កាប់ដោយរាជរដ្ឋាភិបាល។

បើតាមការបង្ហាញ របស់តំណាងក្រុមហ៊ុន មូលបត្រតុងយ៉ាង ដែលជាក្រុមហ៊ុន ធានាទិញមូលបត្រ ក្នុងការរៀបចំការបោះ ផ្សាយមូលបត្រ ជាសាធារណៈ របស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានឲ្យដឹងថា ដំណើរការធ្វើប៊ុកបៀលឌីន (កំណត់ថ្លៃមូលបត្រ)  របស់រដ្ឋាករស្វ័យតទឹកក្រុងភ្នំពេញ គឺបានចាប់ផ្តើមហើយ ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២។
ការធ្វើប៊ុកបៀលឌីន គឺដើម្បីរកតម្លៃហ៊ុន ក្នុងមួយឯកតាឲ្យច្បាស់លាស់មួយ ដែលតម្លៃនោះស្ថិតក្នុងចន្លោះពី ៤០៥០រៀល និង ៦៣៥០រៀល។ ហើយការធ្វើប៊ុកបៀលឌីងនេះ សាធារណជន ដែលជារូបវន្តបុគ្គិល ឬ នីតិបុគ្គល អាចទិញបានចំនួន ៧០ភាគរយ នៃមូលបត្រ ដែលបោះផ្សាយលក់ទាំងអស់។

រីឯការធ្វើបរិវិសកម្ម (ការចុះឈ្មោះទិញមូលបត្រ) និងចាប់ផ្តើមធ្វើ នៅថ្ងៃទី២៩ ខែមីនា ដល់ ០៤ ខែមេសា ឆ្នាំ២០១២។ការ ធ្វើបរិវិស័កម្ម ដើម្បីផ្តល់ឱកាស ដល់សាធារណជន ដែលបរាជ័យ ក្នុងការធ្វើប៊ុកបៀលឌីង អាចទិញមូលបត្រ ដែលនៅ សល់ចំនួន ៣០ភាគរយនោះបាន។ ហើយសម្រាប់ការជួញដូរ មូលបត្ររបស់រដ្ឋាករទឹកស្វ័យត ក្រុងភ្នំពេញ ដែលជាលើក ដំបូង និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានោះ នឹងចាប់ផ្តើមដំណើរការ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២។

អគ្គនាយកនៃគណៈកម្មការ មូលបត្រកម្ពុជា (SECC) លោក ម៉ិញ បានកុសល បានថ្លៃងក្នុង ពិធីបើកដំណើរការ ធ្វើប៊ុកបៀល ឌីងរបស់រដ្ឋាករទឹក ស្វ័យតក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ នៅទីស្នាក់ការរដ្ឋាករទឹកថា “បើអ្វីៗវារលូនតាម ការ គ្រោងទុកនោះ ការជួញដូរមូលបត្រ នឹងចាប់ផ្តើម នៅក្រោយថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ”។

អគ្គនាយករដ្ឋាករ ទឹកស្វ័យក្រុងភ្នំពេញ លោក ឯក សុនចាន់ បានមានប្រសាសន៍ថា ភាគហ៊ុនរបស់រដ្ឋាករទឹក នឹងត្រូវលក់ឲ្យ បុគ្គលិក របស់រដ្ឋាករទឹកចំនួន ១០ភាគរយ, លក់ឲ្យក្នុងពេលធ្វើ ប៊ុកបៀលឌីងចំនួន ៦៣ភាគរយ និងនៅសល់ ២៧ភាគរយ សម្រាប់ធ្វើបរិវិស្វកម្ម។

លោកបានប៉ាន់ស្មាន អ្នកដែលចង់វិនិយោគ ទិញមូលបត្រពីរដ្ឋាករ ទឹកស្វ័យតក្រុងភ្នំពេញថា “តាមខ្ញុំបានព័ត៌មានមក ដំបូងគឺពលរដ្ឋកម្ពុជាយើង មិនទាន់បានភ្ញាក់ផ្អើលពេកទេ ផ្ទុយទៅវិញជនបរទេស ចាប់ផ្តើមកម្រើកច្រើន ដែលភាគច្រើនជាអ្នករស់នៅក្នុងស្រុក”។

លោក ឯក សុនចាន់ បានបញ្ជាក់ទៀតថា ទឹកប្រាក់ដែលទទួលបាន ពីការលក់ភាគហ៊ុននេះ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ នឹង យកទៅប្រើប្រាស់ដូចជា ទី១-ពិនិត្យមើលលទ្ធភាព ក្នុងការសងកម្ចី មុនពេលកំណត់ ដល់ធនាគារពិភពលោក និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ ជប៉ុននៅកម្ពុជា។ ទី២. ចំណាយពង្រីកផ្ទៃសេវា របស់រដ្ឋាករទឹកបន្ថែមទៀត ដោយការដាក់ពង្រីក បំពង់ បញ្ជូនទឹក និងសាងសង់ស្ថានីយផលិតទឹកស្អាតជាដើម។ ទី៣. ប្រើប្រាស់សម្រាប់ជាទុនបង្វិល និងទី៤. ប្រើប្រាស់សម្រាប់ កសាងធុរកិច្ចថ្មីៗ។

គួរបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបោះជំហានមុនគេចូល ក្នុងទីផ្សារមូលបត្រ ដែលក្រុមហ៊ុនដទៃទៀត ដែលរាជ រដ្ឋាភិបាលតម្រូវ ឲ្យបោះផ្សាយមូលបត្រដែរនេះ រួមមាន ទូរគមនាគមន៍កម្ពុជា និងកំពង់ផែក្រុងព្រះសីហនុ ក៏កំពុងតែត្រៀម ខ្លួន ចូលក្នុងផ្សារភាគ ហ៊ុនដែរតែនៅមិនទាន់ដឹង ពីពេលវេលាច្បាស់លាស់ នៅឡើយទេ៕

ដកស្រង់ពីគេហទំព័រ ដើមអំពិល