ប្រពៃណីចាមដែលខ្មែរយើងគ្រប់រូបគួរយល់ដឹង

តើសាសនិកអ៊ិស្លាមអាចមានប្រពន្ធច្រើនមែនឬទេ? ចំនួនប៉ុន្មាន? ហេតុអ្វី?
មុននឹងអ្នកនាំសាររបស់ព្រះ លោក មូហាំម៉ាត់ កូនអាប់ឌុលឡោះបានមកដល់ ស្ត្រីត្រូវបានគេយកជាឧបករណ៍កម្សាន្ត បុរសម្នាក់អាចមានស្ត្រីជាច្រើនសិបនាក់ជាប្រពន្ធតាមចិត្តចង់។ ក្រោយមក គម្ពីរគួរអានបានចែងជាបញ្ញតិ្តថា ចូររៀបការជាមួយ
ស្ត្រីទៅតាមជម្រើសរបស់អ្នក ពីរ ឬបី ឬបួន។ ប៉ុន្តែប្រសិនបើអ្នកខ្លាចថា អ្នកមិនអាចប្រព្រឹត្តយុត្តិធម៌(ជាមួយពួកនាង) ចូររៀបការ
តែម្នាក់ចុះ ហើយបានប្រាប់ទៀតថា អ្នកមិនអាចប្រព្រឹត្តយុត្តិធម៌ត្រឹមត្រូវរវាងពួកនាងទេ…។ មានន័យថា សាសនាអ៊ិស្លាមអនុញ្ញាត
ឲ្យបុរសយកភរិយាដល់ទៅបួននាក់ ប៉ុន្តែត្រូវមានលក្ខខណ្ឌនៃការបែងចែកយ៉ាងយុត្តិធម៌បំផុតក្នុង ចំណោមភរិយាទាំងអស់ ដូចជា
របបចិញ្ចឹមជីវិតក្រុមគ្រួសារ ការស្លៀកពាក់ រួមដំណេក កេរមរតក អារម្មណ៍ វង្សត្រកូល។ល។ ក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ គឺមិនដែល
ឃើញថាមានបុរសអ៊ិស្លាមណាដែលអាចយកភរិយាច្រើន ហើយបំពេញបាននូវលក្ខខណ្ឌទាំងនេះបាននោះទេ។ ដូច្នេះ បុរសអ៊ិស្លាម
ដែលល្អ គឺអ្នកដែលបានរៀបការភរិយាតែម្នាក់ប៉ុណ្ណោះ។ តែនៅមានលក្ខខណ្ឌខ្លះទៀតដែលគួរឲ្យមានការរៀបការបុរសម្នាក់ ជាមួយ
ស្ត្រី ២ ឬ៣ ឬ៤ ដូចជា ករណីដែលចំនួនស្ត្រីមានចំនួនច្រើនហួសហេតុលើសពីចំនួនបុរស(ដែល បណ្តាលមកពីកូនកើតមកភាគច្រើន
ជាភេទស្រី ឬសង្គ្រាមនាំឲ្យបាត់បង់ជីវិតមនុស្សប្រុសនៅសល់តែស្រី) គឺបើរៀបការតែរវាងបុរសម្នាក់ ជាមួយនឹងស្ត្រីម្នាក់នោះច្បាស់ជា
នៅសេសសល់ស្ត្រីជាច្រើនដែលគ្មានស្វាមីស្របច្បាប់ ដែលជាកត្តានាំទៅដល់ការស្រឡាញ់ភេទដូចគ្នា ឬទៅយកប្តីគេដោយលួចលាក់
ឬទៅប្រព្រឹត្តអំពើអសីលធម៌ដែលសង្គមស្អប់ខ្ពើមជាដើម។ល។ ករណីមួយទៀត ប្រសិនបើស្វាមីត្រូវការកូនដើម្បីស្នងវង្សត្រកូល តែភរិយារបស់ខ្លួនមិនអាចបង្កើតកូនបាន គឺបុរសអាចយកភរិយាមួយទៀត ដោយមានការឯកភាព និងពេញចិត្តអំពីភរិយាដើម ក្នុងបំណងបង្កើតកូនដើម្បីស្នងវង្សត្រកូល។ សម្រាប់ស្ត្រី គឺសាសនាអ៊ិស្លាមតម្រូវឲ្យយកសា្វមីបានតែម្នាក់ប៉ុណ្ណោះ ពីព្រោះបើយក
ប្តីច្រើន គឺនាំឲ្យស្ត្រីនោះនឹងអាចងាយក្នុងការឆ្លងរោគពីប្តីណាម្នាក់ ហើយមិនដឹងថាកូនដែលកើតមកត្រូវជាកូនរបស់ប្តីណាមួយ ដែលចាំបាច់ឲ្យប្តីនោះជាអ្នកទទួលខុសត្រូវចិញ្ចឹមបីបាច់ថែ រក្សា។
តើជាការពិតដែរឬទេ ចំពោះពាក្យចចាមអារ៉ាមថា “ចាមឪជាឆ្កែ ម៉ែជាជ្រូក” ហេតុអ្វីបានជាមានពាក្យចចាមអារ៉ាមបែបនេះ?
ពាក្យចចាមអារ៉ាមនេះ គឺមិនពិតនោះទេព្រោះក្នុងពិភពលោកនេះមិនដែលមានម៉ែឪជាសត្វហើយ បង្កើតកូនមកជាមនុស្ស។ បងប្អូនចាមមូស្លីមមិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់ចិញ្ចឹមឬរស់នៅ ជាមួយសត្វទាំងពីរប្រភេទនេះ បានឡើយ ហើយបើបងប្អូនចាមណាម្នាក់ត្រូវបានសត្វទាំងពីរប៉ះឬលិទ្ធ គឺតម្រូវឲ្យលាងទឹកសម្អាតចំនួន៧ដងត្រង់កន្លែងដែលប៉ះឬលិទ្ធនោះ។ ដូច្នេះគ្មានហេតុផលណាមួយដែលចាមមូស្លីមមានម៉ែឪជាសត្វជ្រូកឬ ឆែ្កនោះទេ។

តើជនជាតិចាម ឬសាសនិកអ៊ិស្លាមមានប្រពៃណី “ចូលក្នុងវិហារក្នុងរូបរាងអាក្រាត និងរាវចាប់គ្នា ប៉ះអ្នកណាយកអ្នកនោះ
សូម្បីតែម្តាយ ឬឪពុករបស់ខ្លូន” ដែរឬទេ?
ចំពោះពាក្យចចាមអារ៉ាមនេះជាធម្មតាមានតែសាសនិកអ៊ិស្លាមបុរសទេដែល តែងចូលព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះអុលឡោះ
មួយថ្ងៃ៥ដងជារៀង រាល់ថ្ងៃ ហើយនេះ គឺជាបំណងតែមួយគត់របស់ពួកគេ។ លើកលែងតែខែរ៉ាម៉ាឌន(ខែបួសតមអាហារ) ដែល
ស្រ្តីមូស្លីមត្រូវបានអនុញ្ញាតឲ្យចូលវិហារសូត្រធម៌ថ្វាយ បង្គំព្រះ ហើយរវាងទាំងពីរភេទនេះ ត្រូវបានរៀបចំឲ្យនៅដាច់ដោយឡែក
ពីគ្នា ស្ត្រីត្រូវនៅខាងក្រោយបំផុតដែលមានវាំងននឬរបាំងខាន់ចែកដាច់ ឆ្ងាយពីគ្នា។ ក្នុងច្បាប់ឬការទូន្មានប្រៀនប្រដៅរបស់សាសនា
អ៊ិស្លាមក៏ដូចជា សាសនាធំៗផ្សេង ឬសីលធម៌ក្នុងសង្គមរស់នៅប្រចាំថ្ងៃ ឪពុកម្តាយគឺជាអ្នកដែលមានគុណបំផុតដែលមិនអាចយក
មកបំពានឬលេង សើចបានឡើយ សូម្បីប្រើពាក្យសម្តីធ្ងន់មួយពាក្យក៏មិនបាន។ ដូច្នេះវាមិនពិតទេចំពោះពាក្យចចាមអារ៉ាមនេះ។

តើជនជាតិចាមចេះធ្វើអំពើ អាបធ្មប់ ស្នេហ៍ និងធ្វើឲ្យមនុស្សស្លាប់ដែរឬទេ?
ជនជាតិចាមដែលកាន់សាសនាអ៊ិស្លាមមិនចេះ និងមិនចង់ចេះ ធ្វើអំពើណាដែលនាំឲ្យអន្តរាយដល់មនុស្សដទៃនោះទេ ព្រោះសាសនាអ៊ិស្លាមបានហាមឃាត់ដាច់ខាតសូម្បីសម្លាប់ជីវិតស្រមោច ឬដើមរុក្ខជាតិតូចមួយដែលគ្មានមូលហេតុ
ក៏មិនបានដែរ ចុះទម្រាំជីវិតមនុស្សទៀតនោះ? ពាក្យថា អាបធ្មប់ ព្រាយបិសាច ខ្សែកថា គ្រូស្នេហ៍ គ្រូទាយ គ្រូស្តោះព្រួស
គ្រូលាភសក្ការៈ គ្រូអូមអាម ។ល។ ត្រូវបានហាមឃាត់មិនឲ្យប្រព្រឹត្តដាច់ខាតនៅក្នុងគម្ពីរឬច្បាប់ អ៊ិស្លាម។ នាពេលបច្ចុប្បន្ន
ពាក្យនេះជាពាក្យចចាមអារ៉ាម គឺគ្រាន់តែជាពាក្យគេប្រឌិតដើម្បីបង្អាប់ដល់កិត្តិយសរបស់ជនជាតិ ចាមមូស្លីមតែប៉ុណ្ណោះ
តែបើជនជាតិចាមអាចមានសមត្ថភាពធ្វើអំពើដូច្នោះមែននោះ ច្បាស់ជាជនជាតិចាមមូស្លីម មានអ្វីៗសព្វយ៉ាងតាមបំណង
ប្រាថ្នារបស់ខ្លួនបាត់ទៅហើយ។តើជនជាតិចាមមូស្លីម ឬសាសនិកអ៊ិស្លាមសម្លាប់សត្វ និងមនុស្សបានបុណ្យមែនឬទេ?
ជាក់ស្តែងដូចសព្វថ្ងៃអំពើភេរវកម្មផ្សេងៗ តែងតែមានពាក់ព័ន្ធនឹងអ៊ិស្លាមមែនឬ?
គ្មានការប្រៀនប្រដៅណាថាការសម្លាប់ជីវិតមនុស្សបានបុណ្យនោះទេ ទោះបីជាក្នុងសាសនាអ៊ិស្លាមក្តី ឬក៏សាសនាធំៗផេ្សងក្តី តែផ្ទុយមកវិញការប្រព្រឹត្តអំពើកាប់សម្លាប់ ធើ្វទុក្ខបុកមេ្នញឈ្នានីសគ្នាត្រូវបានហាមឃាត់ជាដាច់ខាតនៅ ក្នុងសាសនាអ៊ិស្លាម។ តែក្នុងករណីដែលសាសនិកអ៊ិស្លាមត្រូវបានរំលោភបំពាន មើលងាយ ធើ្វទុក្ខបុកមេ្នញ ឬយាយីដល់អាយុជីវិតដោយជនណាមួយ
ឬដោយក្រុមណាមួយផ្សេង ដូច្នោះសាសនិកអ៊ិស្លាមត្រូវបានអនុញ្ញាត ឬមានសិទ្ធិតបតគ្រប់បែបយ៉ាងដើម្បីការពារខ្លួន ទោះបីជា
ត្រូវសម្លាប់ជននោះ ឬក្រុមនោះវិញក៏ដោយ។ ដូច្នេះក្នុងលក្ខខណ្ឌនេះក៏មិនខុសពីពលរដ្ឋដទៃ ឬច្បាប់សង្គមនៃប្រទេសមួយ ដែលជន
គ្រប់រូបមានសិទ្ធិការពារខ្លួនតែប៉ុណ្ណោះ។ រីឯចំពោះការសម្លាប់សត្វបានបុណ្យវិញ គឺមានការចែកដាច់ពីគ្នារវាងសត្វសម្លាប់សម្រាប់ធើ្វ
ម្ហូបអាហារ និងសត្វទូទៅផ្សេងទៀត។ អ៊ិស្លាមសាសនិកត្រូវបានអនុញ្ញាតឲ្យសំឡេះ(សម្លាប់)សត្វមួយចំនួន (មាន់ ទា គោ ក្របី)ធើ្វជា
អាហារដោយត្រូវសូត្រធម៌នៅពេលសំឡេះសត្វទាំងនេះ ដោយផ្ទុយមកវិញសត្វដែលមិនអនុញ្ញាតឲ្យធើ្វជាអាហារក៏មិនត្រូវបាន អនុញ្ញាតឲ្យសម្លាប់ដោយគ្មានមូលហេតុជាដាច់ខាត។ នាពេលបច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានលាបពណ៌ដល់សាសនាអ៊ិស្លាម
ឬជនមូស្លិម ថាជាសាសនានាំទៅរកអំពើភេរវកម្ម បន្ទាប់ពីបានឃើញអំពើភេរវកម្មណាមួយ ត្រូវបានបង្កឡើងដោយជនកំហូច១នាក់
ឬ១ក្រុម ដែលយកសាសនាអ៊ិស្លាមជាខែលដើម្បីការពារខ្លួនតែប៉ុណ្ណោះ គឺប្រព័ន្ធផ្សព្វផ្សាយមិនបានដឹងអំពីទង្វើល្អរបស់ជនមូស្លិមប្រ
មាណជា១៥០០លាននាក់នៅជុំវិញពិភពលោក ដែលកំពុងតែផ្សព្វផ្សាយពីធម៌អហិង្សា ធម៌សន្តិភាព តាមរយៈប្រណិប័តន៍សាសនា
អ៊ិស្លាមនោះទេ។ រាល់ទង្វើរបស់ជនមូស្លិមសុទ្ធតែបង្ហាញពីសន្តិភាព គឺចាប់ផ្តើមពីនិយមន័យនៃពាក្យថា អ៊ិស្លាមដែលមានន័យថា
សន្តិភាព ហើយនៅពេលស្វាគមន៍គ្នា និងលាគ្នា គឺពោលដោយពាក្យថា សូមសុខសន្តិភាពមានដល់អ្នក។
តើសាសនិកអ៊ិស្លាមជាបុរសចាំបាច់ត្រូវកាត់ស្បែកចុងនៃលិង្គមែនឬទេ? ហេតុអ្វី?
ពិតប្រាកដណាស់ គឺដើម្បីអនាម័យដល់រូបកាយ ការពារពីជំងឺផ្សេងៗដែលបង្កឡើងដោយភាពកខ្វក់បន្ទាប់ពីបត់ជើងឬ បន្ទោបង់រួច។ ព្រោះសាសនិកអ៊ិស្លាមត្រូវសូត្រធម៌ថ្វាយបង្គំព្រះអុលឡោះជាប្រចាំថៃ្ងជាមួយភាពស្អាតជានិច្ចនូវសព្វកនែ្លងនៃរាងកាយ ជាពិសេសចំពោះសែ្បកចុងលិង្គដែលតម្រូវឲ្យកាត់ចេញ។ ការកាត់ស្បែកនេះហាក់បីដូចជាយើងកាត់ក្រចក និង កាត់សក់ដើម្បីសម្អាត
និងភាពស្អាតនោះដែរ។ហេតុអ្វីបានជាសាសនាអ៊ិស្លាមហាមមិនឲ្យញ៉ាំសាច់ជ្រូក? ហើយក្រៅពីសាច់ជ្រូកតើមានតមអ្វីខ្លះទៀតទេ?

ហេតុអ្វីសាសនិកអ៊ិស្លាមចាំបាច់ត្រូវញ៉ាំម្ហូបអាហារហាឡាល់ ? ដូចម្តេចដែលហៅថា ម្ហូប ហាឡាល់? ចុះបើគ្មានម្ហូបទាំងនេះតើត្រូវទ្រាំអត់អាហារអាចដល់ស្លាប់មែន ទេ?
សាច់ជ្រូកត្រូវបានហាមឃាត់ជាដាច់ខាតសម្រាប់បណ្តាសាសនិកអ៊ិស្លាម មិនឲ្យបរិភោគឬប៉ះពាល់។ ក្រៅពីសាច់ជ្រូក អ៊ិស្លាមសាសនិកត្រូវបានហាមឃាត់មិនឲ្យបរិភោគដូចជា សត្វកាចសាហាវ មានពិស (ឆ្កែ ឆ្មា ខ្លា ក្រពើ) ។ល។ សត្វដែលអាចបរិភោគ
បានមានដូចជា ត្រី គោ ក្របី ពពែ ចៀម មាន់ ទា ជាដើម។ ម្ហូបអាហារហាឡាល់ គឺជាម្ហូបទាំងឡាយណាដែលមានភាពស្អាតប្រកប
ដោយអនាម័យដែលធើ្វតាម របៀបរបបអ៊ិស្លាម និងដោយជនមូស្លីម។ ក្នុងពេលធ្វើដំណើរ ឬនៅទីណាមួយបើគ្មានម្ហូបហាឡាល់ទេ និងដើម្បីបន្តជីវិតរស់នៅតទៅទៀត ជនមូស្លិមត្រូវបានគេអនុញ្ញាតឲ្យទទួលទានត្រឹមតែអាចបន្តដំណើរទៅ មុខទៀតបានតែប៉ុណ្ណោះ។
ហេតុអ្វីសាសនិកអ៊ិស្លាមត្រូវសូត្រធម៌ថ្វាយបង្គំព្រះអុលឡោះ៥ដង ក្នុង១ថ្ងៃ និងចូលវិហារ១ដងក្នុង១សប្តាហ៍រាល់ថ្ងៃសុក្រ?
ការថ្វាយបង្គំព្រះអុលឡោះ៥ដងក្នុងមួយថ្ងៃជាកាតព្វកិច្ចទីពីរក្នុងចំណោមកាតព្វកិច្ចទាំងប្រាំរបស់សាសនាអ៊ិស្លាម ហើយរាល់សាសនិកអ៊ិស្លាមប្រុសស្រីដែលគ្រប់អាយុត្រូវតែប្រណិ ប័តន៍ជាដាច់ខាតដោយខានពុំបានទោះបីជាស្ថិតនៅទីណាក៏ដោយ ហើយសម្រាប់បុរសប្រសើរបំផុតបើអាចទៅថ្វាយបង្គំជុំគ្នាច្រើននៅ ព្រះវិហារ។ រាល់បណ្តាសាសនិកអ៊ិស្លាមជាបុរសត្រូវតែទៅព្រះវិហារ
ថ្វាយបង្គំ ជុំគ្នាមួយសប្តាហ៍ម្តងរាល់ថៃ្ងសុក្រដើម្បីស្ដាប់ការទូន្មាន ប្រៀនប្រដៅ(ធម៌ទេសនា) ហើយយកអ្វីដែលបានដឹងឮទាំងអស់
មកទូន្មានប្រៀនប្រដៅប្រពន្ធកូននិង ក្រុមគ្រួសារបន្តទៀត។

អ្វីដែលតំណាងឲ្យសាសនាអ៊ិស្លាម បើយើងឃើញក្នុងព្រះវិហារមិនមានរូបសំណាក ឬអ្វីជាតំណាងទាល់តែសោះនោះ?
សាសនិកអ៊ិស្លាមមានជំនឿថា ព្រះដែលត្រូវគោរពប្រណិប័តន៍ គឺមានតែមួយគត់មានឈ្មោះថា អុលឡោះ ជាអ្នកបង្កើតអ្វីគ្រប់បែប
យ៉ាង ប្រកបដោយមហិទ្ធិឫទ្ធិ។ គ្មានអ្វីអាចមកតំណាងលោក ជារូបសំណាកនោះទេ ព្រះអុលឡោះ គឺស្ថិតនៅក្នុងអារម្មណ៍និង
បេះដូងនៃជនមូស្លីមគ្រប់រូប គឺមានតែគម្ពីរគួរអានទេ ដែលត្រូវបានបញ្ចុះមកតាមរយៈទេវតា ជីព្រេល មកឲ្យអ្នកនាំសាររបស់លោក
គឺព្យាការីមូហាំម៉ាត់ ជាអ្នកផ្សព្វផ្សាយអំពីសាសនាអ៊ិស្លាមទៅកាន់មនុស្សជាតិទាំងឡាយ។ នៅពេលថ្វាយបង្គំ ទោះក្នុងព្រះវិហារ
ឬទីណាក្តី គេតម្រូវឲ្យជនមូស្លិមត្រូវគិតថាជននោះកំពុងតែមើលឃើញព្រះអុលឡោះ ហើយព្រះអុលឡោះកំពុងតែទតមើលមកជន
នោះវិញ ចំពោះរូបរាងព្រះអុលឡោះបែបណានោះ គឺគ្មាននរណាម្នាក់អាចដឹងបានឡើយ គឺដឹងតែលក្ខណៈអស្ចារ្យរបស់លោកប៉ុណ្ណោះ
ដូចមានចែងក្នុងគម្ពីរ ហើយនៅថ្ងៃបរលោកទើបមនុស្សទាំងអស់អាចឃើញរូបរាងពិតប្រាកដរបស់ ព្រះអុលឡោះបាន។

ហេតុអ្វីសាសនិកអ៊ិស្លាមត្រូវបួស(តមអាហារនិងទឹក)?
បួស (តមអាហារ និងទឹក)រយៈពេលមួយខែ(ខែរ៉ាម៉ាឌន) គឺជាកាតព្វកិច្ចទី៤ក្នុងចំណោមកាតព្វកិច្ចទាំង៥របស់សាសនា អ៊ិស្លាម ដែលសាសនិកអ៊ិស្លាមគ្រប់រូបត្រូវបំពេញឲ្យបាន ទោះបីជាពួកគេជាអ្នកមានឬអ្នកក្រក្តីត្រូវបួសតមអាហារដូចគ្នា គឺដើម្បីទប់ស្កាត់
ចំណង់តណ្ហា ការលោភលន់ចង់បានគ្មានដែនកំណត់និងជាពិសេសដើម្បីឲ្យអ្នកមាន ទ្រព្យសម្បត្តិនិងចំណីអាហារគ្រប់គ្រាន់ឲ្យ
ដឹងពីភាពអត់ឃ្លាន ទុក្ខលំបាករបស់អ្នកក្រខ្វះខាតជាង និងចេះចែករំលែកឬបរិច្ចាគទ្រព្យធននិងចំណីអាហារដល់ពួកគេនោះ។
ហេតុអ្វីបានជាជនជាតិចាម និយាយពាក្យថា “អេស៎ៗ” ហើយវាមានន័យដូចម្តេច?
ខ្ញុំជាជនជាតិចាមមួយរូបអាយុប្រមាណជា៣០ឆ្នាំ តែមិនដែលឮសូរជនជាតិចាមរូបណាមួយ និយាយថា “អេស៎ៗ” នោះទេ គឺត្រឹមតែបានឮតាមរយៈការនិយាយកំប្លែងក្នុងទូរទស្សន៍ប៉ុណ្ណោះ ដែលចាត់ទុកជាការនិយាយលេងចំអកសប្បាយ និយាយ
ដៀមដាម។ ពាក្យនេះតាមភាសាចាមមានន័យថា លាមក ឬអាចម៍។ ពាក្យនេះប្រហែលជាអាចកើតឡើងបានដោយជនជាតិ
ចាមមួយចំនួនតូចដែល មិនចេះនិយាយភាសាខ្មែរច្បាស់ ហើយគាត់ខិតខំនិយាយពាក្យខ្មែរថា អី ហ្អេ៎ តែបែរជាឮសូរថា អេស៎
ទៅវិញ ហើយនៅពេលអ្នកដែលមិនពេញចិត្តបងប្អូនចាមនោះ គាត់បាននិយាយត្រាប់តាម ជាការដៀមដាមចំអកសប្បាយទៅវិញ។

ហេតុអ្វីសាសនិកអ៊ិស្លាមមិនអាចស៊ីការប្រាក់បាន?
គម្ពីរសាសនាអ៊ិស្លាមអាល់គួរអានបានចែងយ៉ាងច្បាស់ អំពីការហាមឃាត់ជាដាច់ខាតមិនឲ្យជនអ៊ិស្លាមណាម្នាក់មានការពាក់ ព័ន្ធជា
មួយការប្រាក់ ទោះបីជាអ្នកឲ្យគេខ្ចី ឬអ្នកសុំខ្ចីពីគេ។ ការស៊ីការប្រាក់ គឺជាទង្វើរបស់អ្នកគ្មានជំនឿព្រះអុលឡោះនឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរ ដល់ជនដែលស៊ីការប្រាក់។ ការប្រាក់ គឺបង្កើននូវទុក្ខលំបាកបន្ថែមទៀតដល់ជនក្រីក្រឬខ្វះខាត ដែលអាចធើ្វឲ្យអ្នកក្រខ្វះខាតកាន់
តែលំបាកទៅៗដោយសារការបង់ការ ប្រាក់នេះ។ អ៊ិស្លាមសាសនាតម្រូវឲ្យបង្កើននូវការដាក់ទាន ឬការបរិច្ចាគទៅដល់ជនទីទ័លក្រ៕

ប្រភពពត័មានពី​ភ្នំពេញប៉ុស្ត៍
http://postkhmer.com/index.php?option=com_content&view=article&id=67961:2011-11-03-21-42-42&catid=107:the-cham-tradition-islam&Itemid=282

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: