ពិតជាការវិភាគសេដ្ឌកិច្ចដ៏គ្រប់ជ្រុងជ្រោយមែន ពាក់ពន្ធ័នឹងប្រទេសក្រិក

ដកស្រង់ចេញពីគេហទំព័រ វិទ្យុRFI

តើនឹងមានអ្វីកើតឡើងបើសិនជាក្រិកចេញពីតំបន់អឺរ៉ូ?

ក្រោយពីក្រិកធ្លាក់ចូលក្នុងវិបត្តិនយោបាយ បង្កើតរដ្ឋាភិបាលថ្មីមិនបាន នៅពេលនេះ សេណារីយ៉ូដែលក្រិកត្រូវចេញពីតំបន់អឺរ៉ូត្រូវបានគេលើកយកមកជជែកគ្នាកាន់តែច្រើនឡើងៗ។ ទាំងប្រធានគណៈកម្មការអឺរ៉ុប ទាំងមន្រ្តីរដ្ឋាភិបាលអាល្លឺម៉ង់ សុទ្ធតែបានព្រមានថា បើក្រិកមិនកាត់បន្ថយការចំណាយសាធារណៈតាមការព្រមព្រៀងជាមួយអឺរ៉ុបទេ ក្រិកគួរតែចាកចេញពីតំបន់អឺរ៉ូ។ តើក្រិកអាចចេញពីតំបន់អឺរ៉ូបានដោយរបៀបណា?

ដើរចេញខ្លួនឯង ឬត្រូវគេបណ្តេញចេញ?

តំបន់អឺរ៉ូ (Eurozone) ពោលគឺ ប្រទេស ១៧ ដែលចាយលុយអឺរ៉ូ ត្រូវបានបង្កើតឡើងដោយសន្ធិសញ្ញា Maastricht ឆ្នាំ១៩៩២។ នៅក្នុងសន្ធិសញ្ញានេះ មិនមានកន្លែងណាមួយ ដែលចែងអំពីការបណ្តេញប្រទេសជាសមាជិកចេញទេ។ ដូច្នេះ តំបន់អឺរ៉ូមិនមានយន្តការផ្លូវច្បាប់ណាមួយ យកមកធ្វើជាមូលដ្ឋាន ដើម្បីបណ្តេញប្រទេសជាសមាជិកចេញបានទេ។
 បើសិនជាក្រិកត្រូវចេញពីតំបន់អឺរ៉ូមែន ករណីដែលមើលទៅទំនងជាអាចកើតឡើងជាងគេ គឺក្រិកស្ម័គ្រចិត្តដើរចេញដោយខ្លួនឯង។ ក៏ប៉ុន្តែ គេត្រូវធ្វើការបែងចែកករណីពីឲ្យដាច់ពីគ្នា រវាងសហភាពអឺរ៉ុប ដែលមានសមាជិក ២៧ប្រទេស និងតំបន់ចាយលុយអឺរ៉ូ ដែលមានតែ ១៧ប្រទេស។ យើងដឹងស្រាប់ហើយថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់មិនមែនសុទ្ធតែស្ថិតក្នុងតំបន់ចាយលុយអឺរ៉ូទេ។ អង់គ្លេស ដាណឺម៉ាក និងស៊ុយអែដ ជាដើម ជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែ មិនស្ថិតក្នុងតំបន់អឺរ៉ូ។
 
ឈប់ចាយលុយអឺរ៉ូ តែបន្តនៅជាសមាជិកសហភាពអឺរ៉ុប?
 
បើពិនិត្យមើលទៅលើសន្ធិសញ្ញាទាំងអស់របស់អឺរ៉ុប យើងឃើញមានចែងតែករណី ដើរចេញពីសហភាពអឺរ៉ុបតែប៉ុណ្ណោះ គឺនៅត្រង់មាត្រា ៥០ នៃសន្ធិសញ្ញាក្រុង Lisbonne ឆ្នាំ២០០៧។ ចំពោះការដើរចេញពីតំបន់អឺរ៉ូ គឺមិនឃើញមានមាត្រាណាមួយចែងទេ។ ដូច្នេះ ដើម្បីអាចចេញពីតំបន់អឺរ៉ូបាន ក្រិកមានតែត្រូវដើរចេញពីសហភាពអឺរ៉ុបតែម្តង។
 ក៏ប៉ុន្តែ នេះនិយាយតាមផ្លូវច្បាប់សុទ្ធសាធ។ តាមផ្លូវនយោបាយ ក្រិកនៅតែអាចចរចាជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីរកវិធីចេញពីតំបន់អឺរ៉ូ ដោយបន្តស្ថិតនៅក្នុងសហភាពអឺរ៉ុបដដែល។ ករណីនេះមិនមែនថាទៅមិនរួចនោះទេ ព្រោះសព្វថ្ងៃនេះក៏មានប្រទេសជាច្រើនដែរ ដែលជាសមាជិកសហភាពអឺរ៉ុប ហើយមិនចាយលុយអឺរ៉ូ។
 
តើនឹងមានអ្វីកើតឡើងចំពោះប្រទេសក្រិក បើសិនជាក្រិកចេញពីតំបន់អឺរ៉ូ?
 
ក្រិកចេញពីតំបន់អឺរ៉ូ និងក្រិកប្រកាសក្ស័យធន គឺជារឿងពីរ ដែលមើលទៅពិបាកនឹងចែកឲ្យដាច់ពីគ្នា។ តាមពិតបើយើងមើលទៅ នៅក្រិកបច្ចុប្បន្ននេះ មានប្រជាជនភាគតិចណាស់ ដែលចង់ចេញពីតំបន់អឺរ៉ូ ប៉ុន្តែ ភាគច្រើនលើសលុបមិនចង់អនុវត្តនយោបាយរបស់អឺរ៉ុប ដែលទាមទារឲ្យក្រិកកាត់បន្ថយការចំណាយសាធារណៈ។
 ដូច្នេះ បើសិនជាក្រិកត្រូវចេញពីតំបន់អឺរ៉ូមែន សេណារីយ៉ូដែលទំនងជាអាចកើតឡើងជាងគេ គឺចាប់ផ្តើមដោយការបដិសេធឈប់អនុវត្តនយោបាយកាត់បន្ថយការចំណាយសាធារណៈ។ អឺរ៉ុបយល់ថា ក្រិករំលោភលើការព្រមព្រៀងកន្លងមក ក៏ឈប់ផ្តល់លុយឲ្យក្រិកខ្ចី។ ក្រិកអត់លុយសងបំណុល ក៏ប្រកាសក្ស័យធន ដើម្បីជម្រះបំណុលចាស់ ហើយចាប់ផ្តើមកសាងសេដ្ឋកិច្ចពីសូន្យមកវិញ។ ក្រិកក៏ដើរចេញពីតំបន់អឺរ៉ូ ហើយបង្កើតរូបិយប័ណ្ណជាតិផ្ទាល់ខ្លួនឯងវិញ ដើម្បីអាចបញ្ចុះថ្លៃរូបិយប័ណ្ណនេះទៅតាមតម្រូវការសេដ្ឋកិច្ចរបស់ខ្លួន។
 
រៀបចំចរាចរណ៍រូបិយប័ណ្ណថ្មី
 
ដូច្នេះ ចេញពីតំបន់អឺរ៉ូភ្លាម ក្រិកត្រូវចាប់ផ្តើមគិតគូរបង្កើតរូបិយប័ណ្ណជាតិថ្មី ដើម្បីមកជំនួសលុយអឺរ៉ូ។ បើតាមអ្នកជំនាញខាងរូបិយប័ណ្ណ ក្រិកត្រូវការពេលវេលាយ៉ាងតិច ពី ៤ ទៅ ៦ខែ ដើម្បីអាចបង្កើតរូបិយប័ណ្ណថ្មី មកដាក់ឲ្យធ្វើចរាចរណ៍លើទីផ្សារបាន ហើយរូបិយប័ណ្ណថ្មីនេះអាចមានតម្លៃទាបជាងលុយអឺរ៉ូ យ៉ាងតិច ៥០%។

ទប់ស្កាត់កុំឲ្យធនាគារឯកជនរលំដោយសារប្រជាជននាំគ្នាដកលុយ
 
ក្នុងអំឡុងពេលនេះ ប្រជាជនក្រិកដែលមានលុយអឺរ៉ូទុកក្នុងធនាគារ ក៏ចាប់ផ្តើមនាំគ្នាបារម្ភថា បន្តិចទៀតលុយអឺរ៉ូនេះនឹងត្រូវប្តូរទៅគិតជារូបិយប័ណ្ណថ្មី ដែលមានតម្លៃថោកជាងលុយអឺរ៉ូឆ្ងាយ។ ដូច្នេះ ដើម្បីកុំឲ្យខាតទាន់ គឺមានតែនាំគ្នាទៅដកលុយអឺរ៉ូចេញពីធនាគារឲ្យហើយ។ នៅពេលដែលគ្រប់គ្នាពពាក់ពពូនទៅដកលុយពីធនាគារ លទ្ធផល គឺធនាគារនឹងត្រូវរលំ។ ដើម្បីចៀសវាងបញ្ហានេះ ទាល់តែរដ្ឋាភិបាលក្រិកចេញបញ្ជាហាមមិនឲ្យដកលុយ ហើយមិនឲ្យមានការផ្ទេរលុយអឺរ៉ូចេញពីប្រទេស។ និយាយជារួម គឺរដ្ឋាភិបាលត្រូវចេញបញ្ជាឲ្យបិទទ្វារធនាគារទាំងអស់ ទម្រាំដល់ពេលរូបិយប័ណ្ណថ្មីអាចដាក់ឲ្យធ្វើចរាចរណ៍លើទីផ្សារបាន។

អតិផរណាកើនឡើងកប់ពពក
 
ពេលរៀបចំរូបិយប័ណ្ណថ្មីរួច ប្រាក់ខែ និងប្រាក់ចំណូលផ្សេងៗ ដែលពីមុនគិតជាអឺរ៉ូ ក៏ត្រូវប្តូរមកគិតជាលុយថ្មីវិញ។ ក៏ប៉ុន្តែ ដោយសារតែលុយថ្មីនេះធ្លាក់ថ្លៃខ្លាំងធៀបនឹងលុយអឺរ៉ូ ដូច្នេះ ក្រិកនឹងត្រូវប្រឈមមុខនឹងវិបត្តិអតិផរណា (Hyperinflation)។ ទំនិញសព្វមុខ ជាពិសេស ទំនិញនាំចូលពីបរទេសត្រូវឡើងថ្លៃកប់ពពក។ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនត្រូវជួបនឹងបញ្ហាលំបាក។
 
ក្រុមហ៊ុនឯកជនត្រូវក្ស័យធនដោយសារបំណុលកើនឡើង
 
ទោះបីជារូបិយប័ណ្ណថ្មីត្រូវដាក់ឲ្យធ្វើចរាចរណ៍នៅលើទីផ្សារហើយក៏ដោយ ក៏នៅតែមានក្រុមហ៊ុនឯកជនក្រិកច្រើន នៅបន្តជំពាក់បំណុលជាលុយអឺរ៉ូ។ ឧទាហរណ៍ ករណីជំពាក់លុយថ្លៃទិញវត្ថុធាតុដើមពីបរទេស ដែលកិច្ចសន្យាគិតជាលុយអឺរ៉ូ។ បំណុលជាអឺរ៉ូនឹងត្រូវក្លាយជាបន្ទុកកាន់តែធ្ងន់ បើធៀបនឹងលុយក្រិកថ្មី ដែលមានតម្លៃថោក។ ដូច្នេះ វាអាចធ្វើឲ្យក្រុមហ៊ុនអស់ទាំងនេះត្រូវក្ស័យធន បិទទ្វារឈប់រកស៊ី ហើយបុគ្គលិកត្រូវអស់ការងារធ្វើ។
 ទាំងនេះគឺជាផលវិបាកអវិជ្ជមានក្នុងរយៈពេលខ្លី។ សម្រាប់រយៈពេលវែង ការចេញពីតំបន់អឺរ៉ូក៏អាចផ្តល់ផលវិជ្ជមានខ្លះដែរដល់ក្រិក។
 
ផលវិជ្ជមានសម្រាប់រយៈពេលវែង
 
កាលណាក្រិកចាយលុយថ្មី ដែលមានតម្លៃថោកជាងលុយអឺរ៉ូបច្ចុប្បន្ន វាអាចជួយឲ្យក្រិកអាចបង្កើនការនាំចេញ ព្រោះទំនិញផលិតនៅក្រិកត្រូវមានតម្លៃថោកជាងពេលចាយលុយអឺរ៉ូ ដែលផ្តល់ភាពងាយស្រួលក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារអឺរ៉ុប។ កាលណាការនាំចេញកើនឡើង វាអាចជាកម្លាំងចលករមួយ ជំរុញកំណើនសេដ្ឋកិច្ច។
 នៅពេលមើលឃើញតម្លៃអចលនទ្រព្យ និងតម្លៃពលកម្មនៅក្រិកថោកជាងមុន (ព្រោះប្រាក់ខែ និងតម្លៃអចលនវត្ថុត្រូវគិតជារូបិយប័ណ្ណថ្មី ដែលថោកជាងលុយអឺរ៉ូបច្ចុប្បន្ន) ក្រុមហ៊ុនបរទេសអាចចាប់ផ្តើមចាប់អារម្មណ៍ក្នុងការចូលមកបោះទុនរកស៊ី បង្កើតរោងចក្រនៅក្នុងប្រទេសក្រិក ហើយបង្កើតការងារដល់ប្រជាជនក្រិក។
 រូបិយប័ណ្ណថ្មីថោកជាងអឺរ៉ូបច្ចុប្បន្ន ថ្លៃទំនិញ ថ្លៃបន្ទប់សណ្ឋាគារនៅក្រិក ក៏អាចមានតម្លៃថោកជាងពេលចាយលុយអឺរ៉ូ ដូច្នេះ ក្រិកអាចទាក់ទាញអ្នកទេសចរបរទេសបានច្រើនជាងមុន ហើយអាចបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាជនក្រិកបានច្រើនជាងមុន។
 ក៏ប៉ុន្តែ បើទោះជាក្រិកអាចស្តារសេដ្ឋកិច្ចមកវិញបានមែន ក៏ត្រូវការចំណាយពេលយូរដែរ។ ទម្រាំដល់ពេលនោះ ប្រជាជនក្រិកប្រាកដជាត្រូវស៊ូទ្រាំពិបាកវេទនាមួយរយៈ៕

រដ្ឋាករទឹកបានសម្រេចលក់ភាគហ៊ុនក្នុងតម្លៃជាង៦ ០០០រៀល ក្នុងមួយហ៊ុន

គណៈកម្មការមូលបត្រកម្ពុជា (SECC) បានឯកភាពជាចុងក្រោយលើតម្លៃនៃការបោះផ្សាយមូលបត្រលក់ជាលើក ដំបូង(IPO) របស់រដ្ឋាករទឹកភ្នំពេញ (PPWSA) ក្នុងតម្លៃ ៦ ៣០០រៀលក្នុងមួយហ៊ុន ខណៈ PPWSA មានគោលដៅបង្កើនទុនពី ១៣លាន ទៅ ២០,៤លានដុល្លារពីការលក់ភាគហ៊ុនជាង១៣លានហ៊ុននៅក្នុងផ្សារ ហ៊ុនកម្ពុជា នៅថ្ងៃទី១៨ ខែមេសា។

មន្ត្រី និងអ្នកមកពីក្នុងឧស្សាហកម្មនេះបានឲ្យដឹងថា ជាមួយនឹងប៊ុកបៀលឌីង ដែលបានចាប់ផ្តើមពីថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែមីនា មានដំណើរការល្អ ថ្ងៃជួញដូរនៅក្នុងផ្សារហ៊ុន នឹងអនុវត្តតាមការគ្រោងទុក។

សេចក្តីប្រកាសចេញផ្សាយដោយ SECC បង្ហាញថា អ្នកចូលរួមជាង៨០០នាក់ បានចូលរួមក្នុងដំណើរការ ប៊ុកបៀលឌីង ក្នុងនោះវិនិយោគិនប្រហែល៥១៦នាក់ ទទួលជោគជ័យដោយកំណត់តម្លៃខ្ពស់បំផុតគឺ៦ ៣០០រៀល ក្នុងមួយហ៊ុន។

លោក ម៉ិញ បានកុសល អគ្គនាយក SECC ប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ខ្លួនបានយល់ស្របតម្លៃសម្រាប់ PPWSA កាលពីថ្ងៃទី២១។ លោកថ្លែងថា៖ «ជាការពិតណាស់ចំនួនអ្នកចូលរួមនៅក្នុង ប៊ុកបៀលឌីង បង្ហាញឲ្យឃើញថា អាចទទួលយកបានលើសពីការរំពឹងទុករបស់យើង ដោយសារដំណើរការនេះទទួលបានការចូលរួមជាច្រើនពីវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក»។

លោកបន្តថា តាមលក្ខខណ្ឌទិញលក់តម្រូវឲ្យមានអ្នកចូលរួមយ៉ាងតិច ២០០នាក់ ដើម្បីគ្រប់គ្រងភាគហ៊ុនមិនឲ្យលើសពី១ភាគរយនៃភាគហ៊ុនសរុប។ ម្យ៉ាងវិញទៀត២០ភាគរយនៃភាគហ៊ុនសរុប បម្រុងទុកសម្រាប់វិនិយោគក្នុងស្រុក ហើយ៨០ភាគរយសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅស្រុក។ លោក ម៉ិញ បានកុសល លើកឡើងថា៖ «យើងសង្កេតឃើញថា វិនិយោគិនក្នុងស្រុក បានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការ ប៊ុកបៀលឌីង ដូច្នេះមានន័យថា ប្រជាជន យល់ច្បាស់អំពីទីផ្សារមូលធនថ្មី»។

លោក Han Kyung Tae នាយកគ្រប់គ្រងក្រុមហ៊ុនមូលបត្រតុងយ៉ាងស៊ីឃ្យូរីធី(ឃែមបូឌា )ជាក្រុមហ៊ុនធានាទិញមូលបត្ររបស់ PPWSA បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា តម្លៃភាគហ៊ុនត្រូវបានកំណត់បន្ទាប់ពីមានការចាប់អារម្មណ៍ពី វិនិយោគិនដែលចូលរួមនៅក្នុងដំណើរការ ប៊ុកបៀលឌីង។ លោកថ្លែងថា៖ «តាមដែលខ្ញុំយល់ វិនិយោគិនជាច្រើន បានកំណត់តម្លៃខ្ពស់បំផុត ៦ ៣០០រៀល ដោយសារពួកគេចង់បានភាគហ៊ុនទាំងនោះ។ ខ្ញុំគិតថា វិនិយោគិនជាច្រើនដឹងច្បាស់ណាស់»។

លោក Han Kyung Tae បានលើកឡើងថា៖ «មនុស្សជាង ៨០០នាក់ ច្រើនជាងការរំពឹងទុករបស់យើងទៅទៀត ដោយសារវាគ្រាន់តែ ប៊ុកបៀលឌីង ប៉ុណ្ណោះ។ ខ្ញុំគិតថា ដោយសារតែលទ្ធផលដំណើរការទៅល្អ មនុស្សកាន់តែច្រើន នឹងចូលរួមក្នុងការទិញភាគហ៊ុន ចាប់ពីសប្តាហ៍នេះទៅ»។

លោក ស្វាយ ហៃ ប្រធានមូលបត្រធនាគារអេស៊ីលីដា ជាឈ្មួញជើងសា បានស្នើឲ្យវិនិយោគិនដែលជោគជ័យ និងមិនបានជោគជ័យ រួមទាំងសាធារណជន ចូលរួមក្នុងការទិញ ប្រសិនបើពួកគេចង់ទិញភាគហ៊ុន។ លោកបន្តថា៖ «អ្នកចូលរួមដែលទទួលបានជោគជ័យក្នុង ប៊ុកបៀលឌីង មិនមែនមានន័យថា ពួកគេអាចទិញបានឡើយ ប៉ុន្តែវាតម្រូវឲ្យមានការចូលរួមក្នុងការទិញ ប៉ុន្តែពួកគេនៅតែមានអាទិភាពជាងអ្នកផ្សេង»។

លោក Han Kyung Tae ជាអ្នកធានាទិញមូលបត្ររបស់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាដែរនោះ ឲ្យដឹងថា ពួកគេកំពុងមានដំណើរការល្អសម្រាប់ IPO លើកទីពីរ តែលោកបានបដិសេធផ្តល់ពេលវេលាជាក់លាក់៕ 

រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បង្ហាញពី ឧត្តមភាព នៃការវិនិយោគ របស់ខ្លួន

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ (PPWSA) បង្ហាញឧត្តមភាព របស់ខ្លួន ដើម្បីទាក់ទាញ នូវវិនិយោគិន នៅគ្រាដែលខ្លួន បោះ ជំហានចូលទីផ្សារមូលបត្រ ដោយនឹងបោះផ្សាយ លក់ភាគហ៊ុន របស់ខ្លួន រហូតដល់ទៅ ១៣ លានហ៊ុន ។

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ អគ្គនាយក PPWSA  លោក សុនចាន់ បានប្រកាសដំណើរការ ធ្វើប៊ុកបៀលឌីង (កំណត់ថ្លៃលក់មូល បត្រ) និង ធ្វើបទបង្ហាញ ពីបច្ចុប្បភាព អាជីវកម្មរបស់ខ្លួន រួមទាំងគោលដៅធំៗ របស់ខ្លួន នៅពេលអនាគត ។

លោកអគ្គនាយក ក៏បានធ្វើបទបង្ហាញ ពីដំណើការរបស់ PPWSA  ថា PPWSA ជាសហគ្រាសរបស់រដ្ឋ ដែលទទួលការផ្គត់ផ្គង់ទឹក ផ្តាច់មុខ នៅរាជធានីភ្នំពេញ បានចាប់កំណើតតាំងពីឆ្នាំ ១៨៩៥ ។ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១១ PPWSA  មានមូលធនជាង ១១៤ លានដុល្លារអាមេរិក មានបុគ្គលិកសរុប ៦០២ នាក់ ។

លោកនិយាយថា “ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ជាសហគ្រាសផ្គត់ផ្គង់ទឹកមួយ ឈានមុខគេនៅទ្វីប អាស៊ី។ រដ្ឋាករទឹក របស់យើង ស្ថិត ក្នុងក្របខណ្ឌ នៃសហគ្រាសផ្គត់ផ្គង់ទឹក នៅប្រទេសសឹង្ហបុរី និង សហគ្រាសផ្គត់ផ្គង់ទឹក នៃទីក្រុងតូក្យូ ប្រទេសជប៉ុន នេះជាគុណភាព ដែល គេវាយតម្លៃរដ្ឋាករទឹករបស់យើង ” ។

លោកបន្តថា បច្ចុប្បន្នរោងចក្រ ផលិតទឹកស្អាតរបស់ PPWSA មានចំនួន ៣ ដែលអាចផ្គត់ផ្គង់ទឹកស្អាត បាន ៩០ភាគរយ នៃសំណូមពរ អ្នកប្រើប្រាស់ របស់ប្រជាជននៅភ្នំពេញ ហើយបច្ចុប្បន្ន PPWSA កំពុងសាងសង់រោងចក្រ ផលិតទឹកស្អាតមួយទៀត នៅសង្កាត់និរោធន៍ ខណ្ឌមានជ័យ ជំហានទី ១ និងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៣ និងជំហានទី២ ដោយគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០១៥ ដោយមានសមត្ថ ភាពផលិតបាន ២៦០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ។

លោកបន្តថា “យើងបានបង្កើនសមត្ថភាព ផលិតកម្មឆ្លើយតបទៅនឹង តម្រូវការអ្នកប្រើប្រាស់ដោយនៅ ឆ្នាំ១៩៩៣យើងមានតែ ៦៥ ពាន់ ម៉ែត្រគូប ក្នុងមួយថ្ងៃ តែបច្ចុប្បន្ននេះ យើងមានសមត្ថភាព ៣៣០ពាន់ ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយក្នុងឆ្នាំក្រោយ យើងនឹងមានសមត្ថ ភាពដល់ ៤៦០ ពាន់ម៉ែត្រគូប នៅពេលដែលបើក ឲ្យប្រើប្រាស់រោងចក្រ ផលិតទឹកនិរោធន៍”។

សម្រាប់អតិថិជន ដែលប្រើប្រាស់ទឹកពី PPWSA  គិតត្រឹមឆ្នាំ២០១០ មាន ២០ ម៉ឺនបណ្តាញ ។ អត្រាបាត់បង់ទឹក បានធ្លាក់ចុះពី ៧២ ភាគរយនៅឆ្នាំ ១៩៩៣ ដល់ត្រឹមតែ ៥,៨៥ ភាគរយ ក្នុងឆ្នាំ២០១០ ហើយអត្រាប្រមូល ប្រាក់ថ្លៃទឹក មានលើសពី ៩៩ ភាគរយ។

លោក ឯក សុនចាន់ មានសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ដែលចេះតែរីកធំឡើងៗ ដោយមានការសាងសង់ ផ្ទះស្នាក់ នៅ ទីក្រុងរណប បុរី តំបន់សេដ្ឋកិច្ចពិសេសជាដើម ដែល ចំនួនប្រជាជន នៅរាជធានីភ្នំពេញ ចេះបន្តកើនឡើង។ ការអភិវឌ្ឍន៍ និងកើន ឡើងនេះធ្វើទីផ្សារ របស់អ្នកប្រើប្រាស់ទឹករបស់ PPWSA ក៏កើនឡើងផងដែរ ។ “ប្រជាជនកើនឡើងច្រើន អ្នកប្រើប្រាស់ទឹកក៏កើនឡើង ដែរ ។ បើអ្នកប្រើប្រាស់ទឹកច្រើន ធុរកិច្ចរបរស់យើង ក៏នៅតែមិនចប់ដែរ” ។

បើតាមរបាយការណ៍ ហិរញ្ញវត្ថុរបស់ PPWSA ក្នុងរយៈពេលនៅ៣ ឆ្នាំចុងក្រោយនេះ បានកើនឡើងជា ជាបន្តបន្ទាប់ ។ នៅឆ្នាំ២០០៩ ប្រាក់ចំណេញសុទ្ធរបស់ PPWSA មានចំនួន ២៦.៩៣៣.៧៣០ ពាន់រៀល ប្រាក់ចំណេញនេះ បានកើនឡើងដោយក្នុងឆ្នាំ២០១០ មានចំនួន ៣០.៥០៦.៣៥២ ពាន់រៀល ហើយនៅឆ្នាំ២០១១ ត្រឹមរយៈ ៩ ខែ ប្រាក់ចំណេញរបស់ PPWSA មានចំនួន ២២.៨៤១.៦២៦ ពាន់រៀល ។

PPWSA  នឹងដាក់លក់ភាគហ៊ុន របស់ខ្លួនចំនួន ១៣.0៤៥.៩៧៥ ហ៊ុន ក្នុងមួយហ៊ុន ចន្លោះពី ៤.០៥០រៀល ទៅ ៦.៣៥០ រៀល ឬពី ១ ដុល្លារ ទៅ ១,៥៧ ដុល្លារ ដែលអាចប្រមូលដើមទុន បានពី ៥២,៨ពាន់លានរៀន ទៅ ៨២,៨ពាន់លានរៀល ឬពី ១៣ លានដុល្លារទៅ ២០,៤លានដុល្លារ។

អគ្គនាយក PPWSA បានបញ្ជាក់ថា ទឹកប្រាក់ដែលទទួលបាន ពីការលក់ភាគហ៊ុន នឹងយកទៅប្រើប្រាស់ដូចជា ទី១-ពិនិត្យមើលលទ្ធភាព ក្នុងការសង់ កម្ចី មុន ពេលកំណត់ដល់ ធនាគារពិភពលោក និង ទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការជប៉ុន នៅកម្ពុជា។ ទី២-ចំណាយពង្រីកផ្ទៃ សេវារបស់រដ្ឋាករទឹក បន្ថែមទៀត ដោយការដាក់ពង្រីក បំពង់បញ្ជូនទឹក និងសាងសង់ស្ថានីយ ផលិតទឹកស្អាតជាដើម។ ទី៣- ប្រើប្រាស់ សម្រាប់ជាទុនបង្វិល និង ទី៤-ប្រើប្រាស់សម្រាប់កសាង ទុរកិច្ចថ្មីៗ ។

លោកបន្តថា “យើងបានចាប់ផ្តើម ធ្វើការពង្រីកធុរកិច្ចមួយចំនួន ហើយ ដែលបច្ចុប្បន្ន យើងអាចធ្វើជាសេវាប្រឹក្សា ដល់បណ្តាទឹកស្អាត នៅ ខេត្តដទៃ។ យើងអាចធ្វើជាអ្នកសាងសង់ នូវបណ្តាញមធ្យោបាយ ទាក់ទងដល់វិស័យទឹកស្អាត យើងអាចស៊ីឈ្នួល លើការស្រាវជ្រាវទឹក បាត់បង់។ យើងអាចធ្វើច្រើន នៅក្នុងសង្គមប្រទេសរបស់យើង និងតំបន់ជុំវិញកំពុងត្រូវការ ក៏ប៉ុន្តែ ភារកិច្ចរបស់យើងដំបូងបំផុតគឺការ បំពេញ ធុរកិច្ចស្នូលរបស់យើង ឲ្យបានល្អប្រសើរឥតខ្ចះ មុននឹងឈានដល់បណ្តាធុរកិច្ចពង្រីកថ្មី” ។

តាមការគ្រោងទុក ដំណើការជួញដូរ មូលបត្ររបស់ PPWSA និងចាប់ផ្តើម នៅក្រោយចូលឆ្នាំខ្មែររួច គឺថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ខាងមុខ បន្ទាប់ពីបញ្ចប់ ការធ្វើប៊ុកបៀលឌីង និងបរិវិស្វកម្ម ៕

រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ លក់ភាគហ៊ុន ចំនួនជាង ១៣លានដុល្លារ

Image

-ការជួញដូរមូលបត្រ លើកដំបូង របស់កម្ពុជា ចាប់ផ្តើមក្រោយចូលឆ្នាំខ្មែរ

 

ភ្នំពេញ៖ រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ជាតួអង្គឯក ដែលចាប់ផ្តើមដំណើរការ លក់ភាគហ៊ុនមុនគេ គឺមុនក្រុមរដ្ឋពីរផ្សេង ទៀត ដែលរដ្ឋាភិបាលកំណត់ ឲ្យបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងលក់ភាគហ៊ុនរបស់ខ្លួន ចំនួនជាង ១៣លានដុល្លារ ដែលស្មើនឹង១៥ភាគរយ នៃមូលធនភាគ ហ៊ុនទាំងអស់ ពោលគឺ ១៥ភាគរយ សម្រាប់បោះលក់មូលបត្រ ជូនវិនិយោគិន និង ៨៥ភាគរយទៀត នៅកាន់កាប់ដោយរាជរដ្ឋាភិបាល។

បើតាមការបង្ហាញ របស់តំណាងក្រុមហ៊ុន មូលបត្រតុងយ៉ាង ដែលជាក្រុមហ៊ុន ធានាទិញមូលបត្រ ក្នុងការរៀបចំការបោះ ផ្សាយមូលបត្រ ជាសាធារណៈ របស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានឲ្យដឹងថា ដំណើរការធ្វើប៊ុកបៀលឌីន (កំណត់ថ្លៃមូលបត្រ)  របស់រដ្ឋាករស្វ័យតទឹកក្រុងភ្នំពេញ គឺបានចាប់ផ្តើមហើយ ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២។
ការធ្វើប៊ុកបៀលឌីន គឺដើម្បីរកតម្លៃហ៊ុន ក្នុងមួយឯកតាឲ្យច្បាស់លាស់មួយ ដែលតម្លៃនោះស្ថិតក្នុងចន្លោះពី ៤០៥០រៀល និង ៦៣៥០រៀល។ ហើយការធ្វើប៊ុកបៀលឌីងនេះ សាធារណជន ដែលជារូបវន្តបុគ្គិល ឬ នីតិបុគ្គល អាចទិញបានចំនួន ៧០ភាគរយ នៃមូលបត្រ ដែលបោះផ្សាយលក់ទាំងអស់។

រីឯការធ្វើបរិវិសកម្ម (ការចុះឈ្មោះទិញមូលបត្រ) និងចាប់ផ្តើមធ្វើ នៅថ្ងៃទី២៩ ខែមីនា ដល់ ០៤ ខែមេសា ឆ្នាំ២០១២។ការ ធ្វើបរិវិស័កម្ម ដើម្បីផ្តល់ឱកាស ដល់សាធារណជន ដែលបរាជ័យ ក្នុងការធ្វើប៊ុកបៀលឌីង អាចទិញមូលបត្រ ដែលនៅ សល់ចំនួន ៣០ភាគរយនោះបាន។ ហើយសម្រាប់ការជួញដូរ មូលបត្ររបស់រដ្ឋាករទឹកស្វ័យត ក្រុងភ្នំពេញ ដែលជាលើក ដំបូង និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានោះ នឹងចាប់ផ្តើមដំណើរការ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២។

អគ្គនាយកនៃគណៈកម្មការ មូលបត្រកម្ពុជា (SECC) លោក ម៉ិញ បានកុសល បានថ្លៃងក្នុង ពិធីបើកដំណើរការ ធ្វើប៊ុកបៀល ឌីងរបស់រដ្ឋាករទឹក ស្វ័យតក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ នៅទីស្នាក់ការរដ្ឋាករទឹកថា “បើអ្វីៗវារលូនតាម ការ គ្រោងទុកនោះ ការជួញដូរមូលបត្រ នឹងចាប់ផ្តើម នៅក្រោយថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ”។

អគ្គនាយករដ្ឋាករ ទឹកស្វ័យក្រុងភ្នំពេញ លោក ឯក សុនចាន់ បានមានប្រសាសន៍ថា ភាគហ៊ុនរបស់រដ្ឋាករទឹក នឹងត្រូវលក់ឲ្យ បុគ្គលិក របស់រដ្ឋាករទឹកចំនួន ១០ភាគរយ, លក់ឲ្យក្នុងពេលធ្វើ ប៊ុកបៀលឌីងចំនួន ៦៣ភាគរយ និងនៅសល់ ២៧ភាគរយ សម្រាប់ធ្វើបរិវិស្វកម្ម។

លោកបានប៉ាន់ស្មាន អ្នកដែលចង់វិនិយោគ ទិញមូលបត្រពីរដ្ឋាករ ទឹកស្វ័យតក្រុងភ្នំពេញថា “តាមខ្ញុំបានព័ត៌មានមក ដំបូងគឺពលរដ្ឋកម្ពុជាយើង មិនទាន់បានភ្ញាក់ផ្អើលពេកទេ ផ្ទុយទៅវិញជនបរទេស ចាប់ផ្តើមកម្រើកច្រើន ដែលភាគច្រើនជាអ្នករស់នៅក្នុងស្រុក”។

លោក ឯក សុនចាន់ បានបញ្ជាក់ទៀតថា ទឹកប្រាក់ដែលទទួលបាន ពីការលក់ភាគហ៊ុននេះ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ នឹង យកទៅប្រើប្រាស់ដូចជា ទី១-ពិនិត្យមើលលទ្ធភាព ក្នុងការសងកម្ចី មុនពេលកំណត់ ដល់ធនាគារពិភពលោក និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ ជប៉ុននៅកម្ពុជា។ ទី២. ចំណាយពង្រីកផ្ទៃសេវា របស់រដ្ឋាករទឹកបន្ថែមទៀត ដោយការដាក់ពង្រីក បំពង់ បញ្ជូនទឹក និងសាងសង់ស្ថានីយផលិតទឹកស្អាតជាដើម។ ទី៣. ប្រើប្រាស់សម្រាប់ជាទុនបង្វិល និងទី៤. ប្រើប្រាស់សម្រាប់ កសាងធុរកិច្ចថ្មីៗ។

គួរបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបោះជំហានមុនគេចូល ក្នុងទីផ្សារមូលបត្រ ដែលក្រុមហ៊ុនដទៃទៀត ដែលរាជ រដ្ឋាភិបាលតម្រូវ ឲ្យបោះផ្សាយមូលបត្រដែរនេះ រួមមាន ទូរគមនាគមន៍កម្ពុជា និងកំពង់ផែក្រុងព្រះសីហនុ ក៏កំពុងតែត្រៀម ខ្លួន ចូលក្នុងផ្សារភាគ ហ៊ុនដែរតែនៅមិនទាន់ដឹង ពីពេលវេលាច្បាស់លាស់ នៅឡើយទេ៕

ដកស្រង់ពីគេហទំព័រ ដើមអំពិល

អាណានិគមលើប្រទេសអាស៊ានកាលពីអតីតកាល

ខាងក្រោមនេះគឹជាឈ្មោះប្រទេសដែលបានដាក់អាណានិគមមកលើប្រទេសក្នុងតំបន់អាស៊ាន

ភូមា​និង​ម៉ាឡេស៊ី​ជា​អតីត​អាណានិគម​របស់​អង់គ្លេស

ឥណ្ឌូណេស៊ី​ជា​អតីត​អាណានិគម​របស់​ហូឡង់

ហ្វីលីពីន​ជា​អតីត​អាណានិគម​របស់​អេស្ប៉ាញ និង​ក្រោយ​មក​ទៀត​របស់​អាមេរិក។

រី​ឯ​ឥណ្ឌូចិន​វិញ រួម​មាន​វៀតណាម កម្ពុជា​និង​ឡាវ ជា​អតីត​អាណានិគម​របស់​បារាំង។

នៅ​អាស៊ី​អាគ្នេយ៍ គឺ​មាន​តែ​ប្រទេស​ថៃ​មួយ​ទេ​ដែល​បាន​គេច​ផុត​ពី​នឹម​អាណានិគម​របស់​អឺរ៉ុប

ដ្បិត​កាល​សម័យ​នោះ ថៃ​ជា​ដី​មួយ​ដុំ​ដែល​ត្រូវ​បាន​បារាំង​និង​អង់គ្លេស​ទុក​ចោល​ឲ្យ​នៅ​ជា​តំបន់​ទ្រនាប់​ដើម្បី​បែងចែក​ដែនដី​អាណានិគម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​នៅ​ឆ្ងាយ​និង​ដាច់​ស្រឡះ​ពី​គ្នា។

របៀបចងខ្សែរស្បែកជើងប្លែកៗ

ខាងក្រោមជារបៀបចងខ្សែរស្បែកជើងប្លែកៗគ្រាន់អ្នកទាំងអស់គ្នាទស្សនាគ្រាន់យល់ដឹង

 

ប្រពៃណីចាមដែលខ្មែរយើងគ្រប់រូបគួរយល់ដឹង

តើសាសនិកអ៊ិស្លាមអាចមានប្រពន្ធច្រើនមែនឬទេ? ចំនួនប៉ុន្មាន? ហេតុអ្វី?
មុននឹងអ្នកនាំសាររបស់ព្រះ លោក មូហាំម៉ាត់ កូនអាប់ឌុលឡោះបានមកដល់ ស្ត្រីត្រូវបានគេយកជាឧបករណ៍កម្សាន្ត បុរសម្នាក់អាចមានស្ត្រីជាច្រើនសិបនាក់ជាប្រពន្ធតាមចិត្តចង់។ ក្រោយមក គម្ពីរគួរអានបានចែងជាបញ្ញតិ្តថា ចូររៀបការជាមួយ
ស្ត្រីទៅតាមជម្រើសរបស់អ្នក ពីរ ឬបី ឬបួន។ ប៉ុន្តែប្រសិនបើអ្នកខ្លាចថា អ្នកមិនអាចប្រព្រឹត្តយុត្តិធម៌(ជាមួយពួកនាង) ចូររៀបការ
តែម្នាក់ចុះ ហើយបានប្រាប់ទៀតថា អ្នកមិនអាចប្រព្រឹត្តយុត្តិធម៌ត្រឹមត្រូវរវាងពួកនាងទេ…។ មានន័យថា សាសនាអ៊ិស្លាមអនុញ្ញាត
ឲ្យបុរសយកភរិយាដល់ទៅបួននាក់ ប៉ុន្តែត្រូវមានលក្ខខណ្ឌនៃការបែងចែកយ៉ាងយុត្តិធម៌បំផុតក្នុង ចំណោមភរិយាទាំងអស់ ដូចជា
របបចិញ្ចឹមជីវិតក្រុមគ្រួសារ ការស្លៀកពាក់ រួមដំណេក កេរមរតក អារម្មណ៍ វង្សត្រកូល។ល។ ក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ គឺមិនដែល
ឃើញថាមានបុរសអ៊ិស្លាមណាដែលអាចយកភរិយាច្រើន ហើយបំពេញបាននូវលក្ខខណ្ឌទាំងនេះបាននោះទេ។ ដូច្នេះ បុរសអ៊ិស្លាម
ដែលល្អ គឺអ្នកដែលបានរៀបការភរិយាតែម្នាក់ប៉ុណ្ណោះ។ តែនៅមានលក្ខខណ្ឌខ្លះទៀតដែលគួរឲ្យមានការរៀបការបុរសម្នាក់ ជាមួយ
ស្ត្រី ២ ឬ៣ ឬ៤ ដូចជា ករណីដែលចំនួនស្ត្រីមានចំនួនច្រើនហួសហេតុលើសពីចំនួនបុរស(ដែល បណ្តាលមកពីកូនកើតមកភាគច្រើន
ជាភេទស្រី ឬសង្គ្រាមនាំឲ្យបាត់បង់ជីវិតមនុស្សប្រុសនៅសល់តែស្រី) គឺបើរៀបការតែរវាងបុរសម្នាក់ ជាមួយនឹងស្ត្រីម្នាក់នោះច្បាស់ជា
នៅសេសសល់ស្ត្រីជាច្រើនដែលគ្មានស្វាមីស្របច្បាប់ ដែលជាកត្តានាំទៅដល់ការស្រឡាញ់ភេទដូចគ្នា ឬទៅយកប្តីគេដោយលួចលាក់
ឬទៅប្រព្រឹត្តអំពើអសីលធម៌ដែលសង្គមស្អប់ខ្ពើមជាដើម។ល។ ករណីមួយទៀត ប្រសិនបើស្វាមីត្រូវការកូនដើម្បីស្នងវង្សត្រកូល តែភរិយារបស់ខ្លួនមិនអាចបង្កើតកូនបាន គឺបុរសអាចយកភរិយាមួយទៀត ដោយមានការឯកភាព និងពេញចិត្តអំពីភរិយាដើម ក្នុងបំណងបង្កើតកូនដើម្បីស្នងវង្សត្រកូល។ សម្រាប់ស្ត្រី គឺសាសនាអ៊ិស្លាមតម្រូវឲ្យយកសា្វមីបានតែម្នាក់ប៉ុណ្ណោះ ពីព្រោះបើយក
ប្តីច្រើន គឺនាំឲ្យស្ត្រីនោះនឹងអាចងាយក្នុងការឆ្លងរោគពីប្តីណាម្នាក់ ហើយមិនដឹងថាកូនដែលកើតមកត្រូវជាកូនរបស់ប្តីណាមួយ ដែលចាំបាច់ឲ្យប្តីនោះជាអ្នកទទួលខុសត្រូវចិញ្ចឹមបីបាច់ថែ រក្សា។
តើជាការពិតដែរឬទេ ចំពោះពាក្យចចាមអារ៉ាមថា “ចាមឪជាឆ្កែ ម៉ែជាជ្រូក” ហេតុអ្វីបានជាមានពាក្យចចាមអារ៉ាមបែបនេះ?
ពាក្យចចាមអារ៉ាមនេះ គឺមិនពិតនោះទេព្រោះក្នុងពិភពលោកនេះមិនដែលមានម៉ែឪជាសត្វហើយ បង្កើតកូនមកជាមនុស្ស។ បងប្អូនចាមមូស្លីមមិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់ចិញ្ចឹមឬរស់នៅ ជាមួយសត្វទាំងពីរប្រភេទនេះ បានឡើយ ហើយបើបងប្អូនចាមណាម្នាក់ត្រូវបានសត្វទាំងពីរប៉ះឬលិទ្ធ គឺតម្រូវឲ្យលាងទឹកសម្អាតចំនួន៧ដងត្រង់កន្លែងដែលប៉ះឬលិទ្ធនោះ។ ដូច្នេះគ្មានហេតុផលណាមួយដែលចាមមូស្លីមមានម៉ែឪជាសត្វជ្រូកឬ ឆែ្កនោះទេ។

តើជនជាតិចាម ឬសាសនិកអ៊ិស្លាមមានប្រពៃណី “ចូលក្នុងវិហារក្នុងរូបរាងអាក្រាត និងរាវចាប់គ្នា ប៉ះអ្នកណាយកអ្នកនោះ
សូម្បីតែម្តាយ ឬឪពុករបស់ខ្លូន” ដែរឬទេ?
ចំពោះពាក្យចចាមអារ៉ាមនេះជាធម្មតាមានតែសាសនិកអ៊ិស្លាមបុរសទេដែល តែងចូលព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះអុលឡោះ
មួយថ្ងៃ៥ដងជារៀង រាល់ថ្ងៃ ហើយនេះ គឺជាបំណងតែមួយគត់របស់ពួកគេ។ លើកលែងតែខែរ៉ាម៉ាឌន(ខែបួសតមអាហារ) ដែល
ស្រ្តីមូស្លីមត្រូវបានអនុញ្ញាតឲ្យចូលវិហារសូត្រធម៌ថ្វាយ បង្គំព្រះ ហើយរវាងទាំងពីរភេទនេះ ត្រូវបានរៀបចំឲ្យនៅដាច់ដោយឡែក
ពីគ្នា ស្ត្រីត្រូវនៅខាងក្រោយបំផុតដែលមានវាំងននឬរបាំងខាន់ចែកដាច់ ឆ្ងាយពីគ្នា។ ក្នុងច្បាប់ឬការទូន្មានប្រៀនប្រដៅរបស់សាសនា
អ៊ិស្លាមក៏ដូចជា សាសនាធំៗផ្សេង ឬសីលធម៌ក្នុងសង្គមរស់នៅប្រចាំថ្ងៃ ឪពុកម្តាយគឺជាអ្នកដែលមានគុណបំផុតដែលមិនអាចយក
មកបំពានឬលេង សើចបានឡើយ សូម្បីប្រើពាក្យសម្តីធ្ងន់មួយពាក្យក៏មិនបាន។ ដូច្នេះវាមិនពិតទេចំពោះពាក្យចចាមអារ៉ាមនេះ។

តើជនជាតិចាមចេះធ្វើអំពើ អាបធ្មប់ ស្នេហ៍ និងធ្វើឲ្យមនុស្សស្លាប់ដែរឬទេ?
ជនជាតិចាមដែលកាន់សាសនាអ៊ិស្លាមមិនចេះ និងមិនចង់ចេះ ធ្វើអំពើណាដែលនាំឲ្យអន្តរាយដល់មនុស្សដទៃនោះទេ ព្រោះសាសនាអ៊ិស្លាមបានហាមឃាត់ដាច់ខាតសូម្បីសម្លាប់ជីវិតស្រមោច ឬដើមរុក្ខជាតិតូចមួយដែលគ្មានមូលហេតុ
ក៏មិនបានដែរ ចុះទម្រាំជីវិតមនុស្សទៀតនោះ? ពាក្យថា អាបធ្មប់ ព្រាយបិសាច ខ្សែកថា គ្រូស្នេហ៍ គ្រូទាយ គ្រូស្តោះព្រួស
គ្រូលាភសក្ការៈ គ្រូអូមអាម ។ល។ ត្រូវបានហាមឃាត់មិនឲ្យប្រព្រឹត្តដាច់ខាតនៅក្នុងគម្ពីរឬច្បាប់ អ៊ិស្លាម។ នាពេលបច្ចុប្បន្ន
ពាក្យនេះជាពាក្យចចាមអារ៉ាម គឺគ្រាន់តែជាពាក្យគេប្រឌិតដើម្បីបង្អាប់ដល់កិត្តិយសរបស់ជនជាតិ ចាមមូស្លីមតែប៉ុណ្ណោះ
តែបើជនជាតិចាមអាចមានសមត្ថភាពធ្វើអំពើដូច្នោះមែននោះ ច្បាស់ជាជនជាតិចាមមូស្លីម មានអ្វីៗសព្វយ៉ាងតាមបំណង
ប្រាថ្នារបស់ខ្លួនបាត់ទៅហើយ។តើជនជាតិចាមមូស្លីម ឬសាសនិកអ៊ិស្លាមសម្លាប់សត្វ និងមនុស្សបានបុណ្យមែនឬទេ?
ជាក់ស្តែងដូចសព្វថ្ងៃអំពើភេរវកម្មផ្សេងៗ តែងតែមានពាក់ព័ន្ធនឹងអ៊ិស្លាមមែនឬ?
គ្មានការប្រៀនប្រដៅណាថាការសម្លាប់ជីវិតមនុស្សបានបុណ្យនោះទេ ទោះបីជាក្នុងសាសនាអ៊ិស្លាមក្តី ឬក៏សាសនាធំៗផេ្សងក្តី តែផ្ទុយមកវិញការប្រព្រឹត្តអំពើកាប់សម្លាប់ ធើ្វទុក្ខបុកមេ្នញឈ្នានីសគ្នាត្រូវបានហាមឃាត់ជាដាច់ខាតនៅ ក្នុងសាសនាអ៊ិស្លាម។ តែក្នុងករណីដែលសាសនិកអ៊ិស្លាមត្រូវបានរំលោភបំពាន មើលងាយ ធើ្វទុក្ខបុកមេ្នញ ឬយាយីដល់អាយុជីវិតដោយជនណាមួយ
ឬដោយក្រុមណាមួយផ្សេង ដូច្នោះសាសនិកអ៊ិស្លាមត្រូវបានអនុញ្ញាត ឬមានសិទ្ធិតបតគ្រប់បែបយ៉ាងដើម្បីការពារខ្លួន ទោះបីជា
ត្រូវសម្លាប់ជននោះ ឬក្រុមនោះវិញក៏ដោយ។ ដូច្នេះក្នុងលក្ខខណ្ឌនេះក៏មិនខុសពីពលរដ្ឋដទៃ ឬច្បាប់សង្គមនៃប្រទេសមួយ ដែលជន
គ្រប់រូបមានសិទ្ធិការពារខ្លួនតែប៉ុណ្ណោះ។ រីឯចំពោះការសម្លាប់សត្វបានបុណ្យវិញ គឺមានការចែកដាច់ពីគ្នារវាងសត្វសម្លាប់សម្រាប់ធើ្វ
ម្ហូបអាហារ និងសត្វទូទៅផ្សេងទៀត។ អ៊ិស្លាមសាសនិកត្រូវបានអនុញ្ញាតឲ្យសំឡេះ(សម្លាប់)សត្វមួយចំនួន (មាន់ ទា គោ ក្របី)ធើ្វជា
អាហារដោយត្រូវសូត្រធម៌នៅពេលសំឡេះសត្វទាំងនេះ ដោយផ្ទុយមកវិញសត្វដែលមិនអនុញ្ញាតឲ្យធើ្វជាអាហារក៏មិនត្រូវបាន អនុញ្ញាតឲ្យសម្លាប់ដោយគ្មានមូលហេតុជាដាច់ខាត។ នាពេលបច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានលាបពណ៌ដល់សាសនាអ៊ិស្លាម
ឬជនមូស្លិម ថាជាសាសនានាំទៅរកអំពើភេរវកម្ម បន្ទាប់ពីបានឃើញអំពើភេរវកម្មណាមួយ ត្រូវបានបង្កឡើងដោយជនកំហូច១នាក់
ឬ១ក្រុម ដែលយកសាសនាអ៊ិស្លាមជាខែលដើម្បីការពារខ្លួនតែប៉ុណ្ណោះ គឺប្រព័ន្ធផ្សព្វផ្សាយមិនបានដឹងអំពីទង្វើល្អរបស់ជនមូស្លិមប្រ
មាណជា១៥០០លាននាក់នៅជុំវិញពិភពលោក ដែលកំពុងតែផ្សព្វផ្សាយពីធម៌អហិង្សា ធម៌សន្តិភាព តាមរយៈប្រណិប័តន៍សាសនា
អ៊ិស្លាមនោះទេ។ រាល់ទង្វើរបស់ជនមូស្លិមសុទ្ធតែបង្ហាញពីសន្តិភាព គឺចាប់ផ្តើមពីនិយមន័យនៃពាក្យថា អ៊ិស្លាមដែលមានន័យថា
សន្តិភាព ហើយនៅពេលស្វាគមន៍គ្នា និងលាគ្នា គឺពោលដោយពាក្យថា សូមសុខសន្តិភាពមានដល់អ្នក។
តើសាសនិកអ៊ិស្លាមជាបុរសចាំបាច់ត្រូវកាត់ស្បែកចុងនៃលិង្គមែនឬទេ? ហេតុអ្វី?
ពិតប្រាកដណាស់ គឺដើម្បីអនាម័យដល់រូបកាយ ការពារពីជំងឺផ្សេងៗដែលបង្កឡើងដោយភាពកខ្វក់បន្ទាប់ពីបត់ជើងឬ បន្ទោបង់រួច។ ព្រោះសាសនិកអ៊ិស្លាមត្រូវសូត្រធម៌ថ្វាយបង្គំព្រះអុលឡោះជាប្រចាំថៃ្ងជាមួយភាពស្អាតជានិច្ចនូវសព្វកនែ្លងនៃរាងកាយ ជាពិសេសចំពោះសែ្បកចុងលិង្គដែលតម្រូវឲ្យកាត់ចេញ។ ការកាត់ស្បែកនេះហាក់បីដូចជាយើងកាត់ក្រចក និង កាត់សក់ដើម្បីសម្អាត
និងភាពស្អាតនោះដែរ។ហេតុអ្វីបានជាសាសនាអ៊ិស្លាមហាមមិនឲ្យញ៉ាំសាច់ជ្រូក? ហើយក្រៅពីសាច់ជ្រូកតើមានតមអ្វីខ្លះទៀតទេ?

ហេតុអ្វីសាសនិកអ៊ិស្លាមចាំបាច់ត្រូវញ៉ាំម្ហូបអាហារហាឡាល់ ? ដូចម្តេចដែលហៅថា ម្ហូប ហាឡាល់? ចុះបើគ្មានម្ហូបទាំងនេះតើត្រូវទ្រាំអត់អាហារអាចដល់ស្លាប់មែន ទេ?
សាច់ជ្រូកត្រូវបានហាមឃាត់ជាដាច់ខាតសម្រាប់បណ្តាសាសនិកអ៊ិស្លាម មិនឲ្យបរិភោគឬប៉ះពាល់។ ក្រៅពីសាច់ជ្រូក អ៊ិស្លាមសាសនិកត្រូវបានហាមឃាត់មិនឲ្យបរិភោគដូចជា សត្វកាចសាហាវ មានពិស (ឆ្កែ ឆ្មា ខ្លា ក្រពើ) ។ល។ សត្វដែលអាចបរិភោគ
បានមានដូចជា ត្រី គោ ក្របី ពពែ ចៀម មាន់ ទា ជាដើម។ ម្ហូបអាហារហាឡាល់ គឺជាម្ហូបទាំងឡាយណាដែលមានភាពស្អាតប្រកប
ដោយអនាម័យដែលធើ្វតាម របៀបរបបអ៊ិស្លាម និងដោយជនមូស្លីម។ ក្នុងពេលធ្វើដំណើរ ឬនៅទីណាមួយបើគ្មានម្ហូបហាឡាល់ទេ និងដើម្បីបន្តជីវិតរស់នៅតទៅទៀត ជនមូស្លិមត្រូវបានគេអនុញ្ញាតឲ្យទទួលទានត្រឹមតែអាចបន្តដំណើរទៅ មុខទៀតបានតែប៉ុណ្ណោះ។
ហេតុអ្វីសាសនិកអ៊ិស្លាមត្រូវសូត្រធម៌ថ្វាយបង្គំព្រះអុលឡោះ៥ដង ក្នុង១ថ្ងៃ និងចូលវិហារ១ដងក្នុង១សប្តាហ៍រាល់ថ្ងៃសុក្រ?
ការថ្វាយបង្គំព្រះអុលឡោះ៥ដងក្នុងមួយថ្ងៃជាកាតព្វកិច្ចទីពីរក្នុងចំណោមកាតព្វកិច្ចទាំងប្រាំរបស់សាសនាអ៊ិស្លាម ហើយរាល់សាសនិកអ៊ិស្លាមប្រុសស្រីដែលគ្រប់អាយុត្រូវតែប្រណិ ប័តន៍ជាដាច់ខាតដោយខានពុំបានទោះបីជាស្ថិតនៅទីណាក៏ដោយ ហើយសម្រាប់បុរសប្រសើរបំផុតបើអាចទៅថ្វាយបង្គំជុំគ្នាច្រើននៅ ព្រះវិហារ។ រាល់បណ្តាសាសនិកអ៊ិស្លាមជាបុរសត្រូវតែទៅព្រះវិហារ
ថ្វាយបង្គំ ជុំគ្នាមួយសប្តាហ៍ម្តងរាល់ថៃ្ងសុក្រដើម្បីស្ដាប់ការទូន្មាន ប្រៀនប្រដៅ(ធម៌ទេសនា) ហើយយកអ្វីដែលបានដឹងឮទាំងអស់
មកទូន្មានប្រៀនប្រដៅប្រពន្ធកូននិង ក្រុមគ្រួសារបន្តទៀត។

អ្វីដែលតំណាងឲ្យសាសនាអ៊ិស្លាម បើយើងឃើញក្នុងព្រះវិហារមិនមានរូបសំណាក ឬអ្វីជាតំណាងទាល់តែសោះនោះ?
សាសនិកអ៊ិស្លាមមានជំនឿថា ព្រះដែលត្រូវគោរពប្រណិប័តន៍ គឺមានតែមួយគត់មានឈ្មោះថា អុលឡោះ ជាអ្នកបង្កើតអ្វីគ្រប់បែប
យ៉ាង ប្រកបដោយមហិទ្ធិឫទ្ធិ។ គ្មានអ្វីអាចមកតំណាងលោក ជារូបសំណាកនោះទេ ព្រះអុលឡោះ គឺស្ថិតនៅក្នុងអារម្មណ៍និង
បេះដូងនៃជនមូស្លីមគ្រប់រូប គឺមានតែគម្ពីរគួរអានទេ ដែលត្រូវបានបញ្ចុះមកតាមរយៈទេវតា ជីព្រេល មកឲ្យអ្នកនាំសាររបស់លោក
គឺព្យាការីមូហាំម៉ាត់ ជាអ្នកផ្សព្វផ្សាយអំពីសាសនាអ៊ិស្លាមទៅកាន់មនុស្សជាតិទាំងឡាយ។ នៅពេលថ្វាយបង្គំ ទោះក្នុងព្រះវិហារ
ឬទីណាក្តី គេតម្រូវឲ្យជនមូស្លិមត្រូវគិតថាជននោះកំពុងតែមើលឃើញព្រះអុលឡោះ ហើយព្រះអុលឡោះកំពុងតែទតមើលមកជន
នោះវិញ ចំពោះរូបរាងព្រះអុលឡោះបែបណានោះ គឺគ្មាននរណាម្នាក់អាចដឹងបានឡើយ គឺដឹងតែលក្ខណៈអស្ចារ្យរបស់លោកប៉ុណ្ណោះ
ដូចមានចែងក្នុងគម្ពីរ ហើយនៅថ្ងៃបរលោកទើបមនុស្សទាំងអស់អាចឃើញរូបរាងពិតប្រាកដរបស់ ព្រះអុលឡោះបាន។

ហេតុអ្វីសាសនិកអ៊ិស្លាមត្រូវបួស(តមអាហារនិងទឹក)?
បួស (តមអាហារ និងទឹក)រយៈពេលមួយខែ(ខែរ៉ាម៉ាឌន) គឺជាកាតព្វកិច្ចទី៤ក្នុងចំណោមកាតព្វកិច្ចទាំង៥របស់សាសនា អ៊ិស្លាម ដែលសាសនិកអ៊ិស្លាមគ្រប់រូបត្រូវបំពេញឲ្យបាន ទោះបីជាពួកគេជាអ្នកមានឬអ្នកក្រក្តីត្រូវបួសតមអាហារដូចគ្នា គឺដើម្បីទប់ស្កាត់
ចំណង់តណ្ហា ការលោភលន់ចង់បានគ្មានដែនកំណត់និងជាពិសេសដើម្បីឲ្យអ្នកមាន ទ្រព្យសម្បត្តិនិងចំណីអាហារគ្រប់គ្រាន់ឲ្យ
ដឹងពីភាពអត់ឃ្លាន ទុក្ខលំបាករបស់អ្នកក្រខ្វះខាតជាង និងចេះចែករំលែកឬបរិច្ចាគទ្រព្យធននិងចំណីអាហារដល់ពួកគេនោះ។
ហេតុអ្វីបានជាជនជាតិចាម និយាយពាក្យថា “អេស៎ៗ” ហើយវាមានន័យដូចម្តេច?
ខ្ញុំជាជនជាតិចាមមួយរូបអាយុប្រមាណជា៣០ឆ្នាំ តែមិនដែលឮសូរជនជាតិចាមរូបណាមួយ និយាយថា “អេស៎ៗ” នោះទេ គឺត្រឹមតែបានឮតាមរយៈការនិយាយកំប្លែងក្នុងទូរទស្សន៍ប៉ុណ្ណោះ ដែលចាត់ទុកជាការនិយាយលេងចំអកសប្បាយ និយាយ
ដៀមដាម។ ពាក្យនេះតាមភាសាចាមមានន័យថា លាមក ឬអាចម៍។ ពាក្យនេះប្រហែលជាអាចកើតឡើងបានដោយជនជាតិ
ចាមមួយចំនួនតូចដែល មិនចេះនិយាយភាសាខ្មែរច្បាស់ ហើយគាត់ខិតខំនិយាយពាក្យខ្មែរថា អី ហ្អេ៎ តែបែរជាឮសូរថា អេស៎
ទៅវិញ ហើយនៅពេលអ្នកដែលមិនពេញចិត្តបងប្អូនចាមនោះ គាត់បាននិយាយត្រាប់តាម ជាការដៀមដាមចំអកសប្បាយទៅវិញ។

ហេតុអ្វីសាសនិកអ៊ិស្លាមមិនអាចស៊ីការប្រាក់បាន?
គម្ពីរសាសនាអ៊ិស្លាមអាល់គួរអានបានចែងយ៉ាងច្បាស់ អំពីការហាមឃាត់ជាដាច់ខាតមិនឲ្យជនអ៊ិស្លាមណាម្នាក់មានការពាក់ ព័ន្ធជា
មួយការប្រាក់ ទោះបីជាអ្នកឲ្យគេខ្ចី ឬអ្នកសុំខ្ចីពីគេ។ ការស៊ីការប្រាក់ គឺជាទង្វើរបស់អ្នកគ្មានជំនឿព្រះអុលឡោះនឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរ ដល់ជនដែលស៊ីការប្រាក់។ ការប្រាក់ គឺបង្កើននូវទុក្ខលំបាកបន្ថែមទៀតដល់ជនក្រីក្រឬខ្វះខាត ដែលអាចធើ្វឲ្យអ្នកក្រខ្វះខាតកាន់
តែលំបាកទៅៗដោយសារការបង់ការ ប្រាក់នេះ។ អ៊ិស្លាមសាសនាតម្រូវឲ្យបង្កើននូវការដាក់ទាន ឬការបរិច្ចាគទៅដល់ជនទីទ័លក្រ៕

ប្រភពពត័មានពី​ភ្នំពេញប៉ុស្ត៍
http://postkhmer.com/index.php?option=com_content&view=article&id=67961:2011-11-03-21-42-42&catid=107:the-cham-tradition-islam&Itemid=282